1. រួចមក កាលស្តេចទ្រង់គង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្តីសំរាករួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
2. នោះទ្រង់មានព្រះបន្ទូលទៅហោរាណាថាន់ថា មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហឹបនៃព្រះមានតែសំពត់បាំងប៉ុណ្ណោះទេ
3. ណាថាន់ទូលឆ្លើយថា សូមព្រះករុណាទ្រង់ធ្វើតាមគ្រប់ទាំងសេចក្តីប្រាថ្នា ដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយនឹងទ្រង់ហើយ
4. តែនៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកណាថាន់ថា
5. ចូរទៅប្រាប់ដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ាទ្រង់សួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យអញនៅឬ
6. អញមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលអញបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ គឺអញបាននៅតែក្នុងត្រសាល ហើយក្នុងរោងឧបោសថវិញ
7. នៅគ្រប់ទីកន្លែង ដែលអញបានដើរជាមួយនឹងពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើអញដែលនិយាយ១ម៉ាត់ ទៅពូជអំបូរសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជារាស្ត្រអញថា ហេតុអ្វីបានជាឯងរាល់គ្នាមិនបានស្អាងវិហារ ពីឈើតាត្រៅឲ្យអញឬទេ