២ សាំយូអែល 20:15-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ពួក​ខាង​យ៉ូអាប់​ក៏​មក​ឡោម‌ព័ទ្ធ​វា នៅ​ក្រុង​អេបិល-បេតា-ម្អាកា គេ​លើក​ដី​បង្គរ​ឡើង ធ្វើ​ជា​ផ្លូវ​ទៅ​ដល់​កំផែង ហើយ​ពួក​ទ័ព​ក៏​បុក​កំផែង ដើម្បី​នឹង​រំលំ​ចេញ

16. នៅ​គ្រា​នោះ មាន​ស្រី​ប្រាជ្ញ​ម្នាក់ ស្រែក​មក​ពី​ក្នុង​ទី​ក្រុង​ថា សូម​ស្តាប់ៗ សូម​ជំរាប​ឲ្យ​យ៉ូអាប់​អញ្ជើញ​មក​ជិត​នេះ​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​និយាយ​នឹង​លោក

17. លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ​អី លោក​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ រួច​នាង​ពោល​ថា សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​បាវ​លោក​សិន លោក​ឆ្លើយ​ថា ខ្ញុំ​កំពុង​ស្តាប់

18. នោះ​នាង​និយាយ​ថា កាល​ដើម​ដំបូង​គេ​ធ្លាប់​ពោល​ថា ពិត​ប្រាកដ​ជា​គេ​នឹង​សួរ​រក​ដំបូន្មាន​នៃ​ពួក​ក្រុង​អេបិល គឺ​យ៉ាង​នោះ​ដែល​គេ​បាន​សំរេច​ការ​នីមួយៗ

19. ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្តី​សុខ ហើយ​ក៏​ស្មោះ‌ត្រង់​នៅ​ស្រុក​អ៊ីស្រា‌អែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​១ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រា‌អែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មរដក​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី

20. នោះ​យ៉ូអាប់​ឆ្លើយ​តប​ថា សូម​ឲ្យ​បំណង​ចង់​លេប​បំបាត់ ហើយ​បំផ្លាញ បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ គឺ​ឲ្យ​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ពិត

២ សាំយូអែល 20