២ សាំយូអែល 13:5-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. រួច​យ៉ូណា‌ដាប​ប្រាប់​ថា ដូច្នេះ ចូរ​ឯង​ដេក​នៅ​លើ​គ្រែ​ក្លែង​ធ្វើ​ជា​ឈឺ​ទៅ បើ​កាល​ណា​បិតា​ឯង​មក​សួរ នោះ​ចូរ​ទូល​ថា សូម​បិតា​អនុញ្ញាត​ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​រៀប​អាហារ​នៅ​មុខ​ទូល‌បង្គំ ឲ្យ​ទូល‌បង្គំ​បាន​ឃើញ ហើយ​បាន​ទទួល ពី​ដៃ​នាង​មក​បរិភោគ​បន្តិច

6. ដូច្នេះ អាំណូន​ក៏​ដេក​ទៅ ហើយ​ក្លែង​ធ្វើ​ជា​ប្រឈួន លុះ​កាល​ស្តេច​បាន​យាង​មក​សួរ នោះ​អាំណូន​ទូល​ថា សូម​បិតា​អនុញ្ញាត ឲ្យ​នាង​តាម៉ារ ជា​កនិដ្ឋា​ទូល‌បង្គំ មក​ធ្វើ​នំ​២​នៅ​មុខ​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ទទួល​ពី​ដៃ​នាង មក​បរិភោគ។

7. នោះ​ដាវីឌ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ដំណាក់ ប្រាប់​នាង​តាម៉ារ​ថា ចូរ​ឯង​ទៅ​ឯ​ដំណាក់​អាំណូន​ជេដ្ឋា​ឯង ហើយ​ធ្វើ​នំ​ឲ្យ​វា​ចុះ

8. ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន​ជា​ជេដ្ឋា​ខ្លួន កំពុង​ដែល​ទ្រង់​ផ្ទំ នាង​ក៏​យក​ម្សៅ មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​ចំពោះ​ទ្រង់

9. រួច​លើក​ខ្ទះ​ចាក់​នំ​នោះ​នៅ​ចំពោះ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​បរិភោគ​ទេ ហើយ​បង្គាប់​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​អញ​ទៅ គេ​ក៏​ចេញ​ទាំង​អស់​គ្នា

10. រួច​អាំណូន​ប្រាប់​ទៅ​នាង​តាម៉ារ​ថា សូម​នាំ​យក​នំ​មក​ក្នុង​បន្ទប់​ឯ​ណេះ ដើម្បី​អញ​នឹង​បរិភោគ​ពី​ដៃ​ឯង នាង​ក៏​នាំ​យក​នំ​ដែល​ធ្វើ​នោះ ទៅ​ឯ​អាំណូន ជា​ជេដ្ឋា នៅ​ក្នុង​បន្ទប់

11. កាល​នាង​ទៅ​ជិត ដើម្បី​ថ្វាយ​នំ​ទៅ​ឲ្យ​សោយ នោះ​ទ្រង់​ក៏​ចាប់​នាង​ដោយ​ពាក្យ​ថា ប្អូន​អើយ ចូរ​មក​ដេក​នឹង​អញ​ចុះ

២ សាំយូអែល 13