២ សាំយូអែល 1:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នោះ​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​មក​ជិត​នេះ ហើយ​សំឡាប់​យើង​ទៅ ដ្បិត​ដែល​យើង​រស់​នៅ នោះ​មាន​សេចក្តី​ទុក្ខ​គ្រប​សង្កត់​ខ្លាំង​ណាស់

10. ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​ជិត ធ្វើ​គុត​ទ្រង់​ទៅ ដោយ​ខ្ញុំ​ដឹង​ពិត​ថា ដែល​ទ្រង់​ដួល​ដូច្នេះ​ហើយ នោះ​នឹង​គង់​ព្រះ‌ជន្ម​នៅ​មិន​បាន​ឡើយ ឯ​មកុដ​ដែល​នៅ​លើ​ព្រះ‌សិរ និង​កង‌កន់​ដែល​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ខ្ញុំ​បាន​នាំ​យក​មក​ជូន​លោក​ជា​ម្ចាស់​ខ្ញុំ។

11. នោះ​ដាវីឌ​ក៏​ចាប់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​ធ្វើ​ដូច្នោះ​ដែរ

12. គេ​នាំ​គ្នា​កាន់​ទុក្ខ ព្រម​ទាំង​យំ ហើយ​តម​អាហារ ដរាប​ដល់​ល្ងាច ដោយ​ព្រោះ​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ និង​ពួក​ទ័ព​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ពី​ព្រោះ​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ

13. រួច​ដាវីឌ​លោក​សួរ​មនុស្ស​កំឡោះ ដែល​នាំ​ដំណឹង​មក​នោះ​ថា អ្នក​ជា​សាសន៍​ណា គាត់​ជំរាប​ថា ខ្ញុំ​ជា​កូន​របស់​សាសន៍​ដទៃ​ម្នាក់ គឺ​សាសន៍​អាម៉ា‌លេក

14. ដាវីឌ​សួរ​ទៀត​ថា ម្តេច​ក៏​អ្នក​មិន​ខ្លាច​នឹង​លូក​ដៃ​ទៅ​សំឡាប់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ដូច្នោះ

15. នោះ​ដាវីឌ​ក៏​ហៅ​ពួក​កំឡោះ​ម្នាក់​មក​ប្រាប់​ថា ចូល​ទៅ​សំឡាប់​អ្នក​នោះ​ចោល​ចុះ គេ​ក៏​ប្រហារ​ឲ្យ​ស្លាប់​ទៅ

16. រួច​ដាវីឌ​មាន​ប្រសាសន៍​ថា ចូរ​ឲ្យ​ឈាម​អ្នក​ធ្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន អ្នក​ហើយ​ថា អ្នក​បាន​សំឡាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ។

17. នេះ​ជា​បទ​ទំនួញ ដែល​ដាវីឌ​បាន​លើក​និពន្ធ​ទុក​ពី​ដំណើរ​សូល និង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់

២ សាំយូអែល 1