1. ដូច្នេះ ការទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាព្រះបិតាទ្រង់បានថ្វាយទាំងប្រាក់ទាំងមាស និងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។
2. រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកចៅហ្វាយនៃពូជអំបូរទាំងអស់ ហើយពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកកូនចៅអ៊ីស្រាអែល មកឯក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចេញពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូនមក
3. ដូច្នេះ បណ្តាមនុស្សសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏មូលព្រមគ្នាមកឯស្តេច នៅវេលាបុណ្យក្នុងខែអស្សុជ
4. ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មកដែរ ហើយពួកលេវីគេលើកសែងហឹប
5. នាំយកទាំងហឹប និងត្រសាលជំនុំ ហើយនឹងគ្រឿងប្រដាប់បរិសុទ្ធដែលនៅក្នុងត្រសាលទាំងអស់ឡើងមក គឺជាពួកលេវីដ៏ជាសង្ឃ ដែលសែងយកមកនោះ
6. ឯស្តេចសាឡូម៉ូន និងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានមូលគ្នាមកឯទ្រង់ គេនៅមុខហឹប ទាំងថ្វាយយញ្ញបូជា ជាចៀម និងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនបាន
7. រួចពួកសង្ឃនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចូលទៅឯកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបនៃចេរូប៊ីន
8. ពីព្រោះចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងសំរាប់ដាក់ហឹបហើយក៏គ្របពីលើហឹប និងឈើស្នែង
9. ឯឈើស្នែងនោះវែងល្មម បានជាមើលពីត្រង់ទីទូលសួរដល់ព្រះទៅ ឃើញចុងសងខាងចេញមកពីហឹប តែខាងក្រៅមិនឃើញទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ
10. រីឯនៅក្នុងហឹប ឥតមានអ្វីទេ មានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅភ្នំហោរែបនៅឡើយ គឺកាលព្រះយេហូវ៉ា ទ្រង់តាំងសេចក្ដីសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល នៅគ្រាដែលគេចេញពីស្រុកអេស៊ីព្ទមក។