២ របាក្សត្រ 31:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. កាល​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន បាន​មក​ឃើញ​គំនរ​ទាំង​នោះ គេ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់

9. ហើយ​ហេសេគា​ទ្រង់​សាក​សួរ​ពួក​សង្ឃ និង​ពួក​លេវី​ពី​ដំណើរ​គំនរ​ដង្វាយ​ទាំង​នោះ

10. នោះ​អ័សារា ជា​សំដេច​សង្ឃ ដែល​ជា​វង្ស​សាដុក លោក​ទូល​ថា ចាប់​តាំង​ពី​វេលា​ដែល​គេ​ផ្តើម​នាំ​យក​ដង្វាយ​មក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​យើង​ខ្ញុំ​បាន​ទទួល​ទាន​ឆ្អែត ហើយ​មាន​នៅ​សល់​ជា​បរិបូរ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់ ហើយ​សំណល់​ដែល​សល់​នោះ គឺ​ជា​គំនរ​យ៉ាង​ធំ​ទាំង​នេះ​ឯង។

11. ដូច្នេះ ហេសេគា​ក៏​បង្គាប់​ឲ្យ​រៀប‌ចំ​បន្ទប់ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គេ​ក៏​រៀប‌ចំ

12. រួច​នាំ​យក​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដង្វាយ​១​ភាគ​ក្នុង​១០ និង​ដង្វាយ​បរិសុទ្ធ​មក​ទុក​ក្នុង​បន្ទប់​នោះ ដោយ​ស្មោះ‌ត្រង់ មាន​កូណានា ជា​ពួក​លេវី ជា​អ្នក​ត្រួត​លើ​របស់​ទាំង​នោះ និង​ស៊ីម៉ាយ​ប្អូន​លោក​ជា​អ្នក​ទី​២

13. រួច​យេហ៊ី‌អែល អ័សាស៊ា ណាហាត់ អេសា‌អែល យេរី‌ម៉ូត យ៉ូសា‌បាឌ អេសាល យីស‌ម៉ាគា ម៉ាហាត និង​បេណាយ៉ា គេ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ការ​នោះ​នៅ​ក្រោម​អំណាច​កូណានា និង​ស៊ីម៉ាយ ប្អូន​លោក តាម​បង្គាប់​ស្តេច​ហេសេគា និង​អ័សារា ជា​អ្នក​គ្រប់‌គ្រង​នៅ​ព្រះ‌វិហារ​នៃ​ព្រះ

14. ហើយ​កូរេ កូន​យីមន៉ា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​នឹង​ចែក​ដង្វាយ​របស់​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត

15. នៅ​ក្រោម​អំណាច​លោក នោះ​មាន​អេដែន មីនយ៉ា‌មីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និង​សេកានា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សង្ឃ ជា​អ្នក​ចែក​ដល់​បង​ប្អូន​គេ​ទាំង​ធំ​ទាំង​តូច តាម​វេន​ឲ្យ​ស្មើ​គ្នា ដោយ​ចិត្ត​ស្មោះ‌ត្រង់

16. គឺ​ជា​ពួក​ប្រុសៗ​ដែល​បាន​កត់​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ​លើ ជា​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​តែ​ត្រូវ​ការ​រាល់​តែ​ថ្ងៃ សំរាប់​ការ‌ងារ​ដែល​ផ្ញើ​ទុក​នឹង​គេ​តាម​វេន​រៀង​ខ្លួន

២ របាក្សត្រ 31