17. គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែចេត្រ ហើយដល់ថ្ងៃទី៨ក្នុងខែនោះ គេបានសំអាតមកដល់ទីបាំងសាចផងព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាង៨ថ្ងៃ លុះដល់ថ្ងៃ១៦ខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
18. រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា យើងខ្ញុំរាល់គ្នាបានសំអាតព្រះវិហារនៃព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសំរាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង
19. មួយទៀត អស់ទាំងគ្រឿងប្រដាប់ ដែលស្តេចអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល របស់ទាំងនោះនៅមុខអាសនានៃព្រះយេហូវ៉ាស្រាប់។
20. ឯស្តេចហេសេគា ទ្រង់ក្រោកឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅឯព្រះវិហារព្រះយេហូវ៉ា
21. គេក៏នាំយកគោ៧ ចៀមឈ្មោល៧ កូនចៀម៧ និងពពែឈ្មោល៧ទៅផង សំរាប់ជាដង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ និងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា
22. ដូច្នេះ គេក៏បានសំឡាប់គោទាំងនោះ ហើយពួកសង្ឃទទួលយកឈាមទៅប្រោះលើអាសនា រួចគេសំឡាប់ចៀមឈ្មោល យកឈាមទៅប្រោះលើអាសនា ក៏សំឡាប់កូនចៀម យកឈាមទៅប្រោះលើអាសនាដែរ
23. បន្ទាប់មក គេនាំពពែឈ្មោល ដែលសំរាប់ដង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងពួកជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
24. ពួកសង្ឃសំឡាប់វាថ្វាយជាដង្វាយលោះបាប មានជាប់ទាំងឈាម នៅលើអាសនា ដើម្បីឲ្យធួននឹងបាបនៃពួកអ៊ីស្រាអែលទាំងអស់ ដ្បិតស្តេចទ្រង់បានបង្គាប់ ឲ្យថ្វាយដង្វាយដុត និងដង្វាយលោះបាបទាំងនោះ សំរាប់ពួកអ៊ីស្រាអែលទាំងអស់។
25. ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈឹង ពិណ និងស៊ុងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ និងកាឌ់ជាអ្នកមើលឆុតរបស់ទ្រង់ ហើយនឹងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់
26. ដូច្នេះ ពួកលេវីក៏ឈរនៅ មានទាំងប្រដាប់ភ្លេងរបស់ដាវីឌ ហើយពួកសង្ឃក៏មានត្រែ
27. រួចហេសេគាទ្រង់បង្គាប់ ឲ្យថ្វាយដង្វាយដុតនៅលើអាសនា រីឯកាលចាប់តាំងដុតដង្វាយ នោះចំរៀងនៃព្រះយេហូវ៉ា ក៏ផ្តើមឮឡើង ព្រមទាំងត្រែ និងគ្រឿងភ្លេងរបស់ដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលផង
28. ពួកជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចំរៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់ដង្វាយដុតបានសុសហើយ។