1. កាលយ៉ូថាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា ជាបុត្រីសាដុក
2. ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអូសៀសជាព្រះបិតាបានធ្វើដែរ តែទ្រង់មិនបានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ាទេ ឯបណ្តាជន គេនៅតែប្រព្រឹត្តខូចអាក្រក់នៅឡើយ។
3. ទ្រង់ធ្វើទ្វារខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា ក៏សង់កំផែងអូផែលឡើងជាច្រើន
4. ១ទៀតទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ និងប៉មផង