6. ហើយបើទ្រង់បានបញ្ឆេះក្រុងសូដុំម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្តីទមិលល្មើស
7. តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ
8. ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ
9. បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ
10. គឺពួកអស់អ្នកដែលដើរតាមសាច់ឈាមជាដើម ដែលគេមានសេចក្តីប៉ងប្រាថ្នាខាងឯការស្មោកគ្រោក ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង
11. ដែលពួកទេវតាដ៏មានកំឡាំង មានឫទ្ធិលើសជាងគេទៅទៀត ក៏មិនហ៊ានប្រមាថដល់ពួកនោះ នៅចំពោះព្រះអម្ចាស់ឡើយ
12. តែដោយព្រោះគេជេរប្រមាថដល់ការដែលគេមិនស្គាល់ នោះគេនឹងត្រូវវិនាសបាត់ក្នុងការខូចអាក្រក់របស់គេអស់រលីង ដូចជាសត្វតិរច្ឆាន ដែលកើតមកសំរាប់តែឲ្យគេចាប់ ហើយកាប់សំឡាប់ប៉ុណ្ណោះដែរ
13. គេហៀបនឹងទទួលរង្វាន់នៃការទុច្ចរិត គេជាពួកអ្នកដែលរាប់ការស្រើបស្រាលនៅពេលថ្ងៃ ទុកជាការត្រេកអរសប្បាយ គេជាស្នាមប្រឡាក់ ហើយជាសេចក្តីស្មោកគ្រោក គេត្រេកអរដោយសេចក្តីបញ្ឆោតរបស់ខ្លួន ក្នុងពេលកំពុងដែលគេស៊ីលៀងជាមួយនឹងអ្នករាល់គ្នា
14. គេមានចិត្តនឹកឃើញតែស្រីសំផឹង គេមិនចេះលែងធ្វើបាបឡើយ ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន ហើយមានចិត្តធ្លាប់ខាងឯសេចក្តីលោភ គឺជាមនុស្សដែលត្រូវបណ្តាសា
15. គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាមជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត
16. តែគាត់ត្រូវបន្ទោស ដោយព្រោះការរំលងរបស់គាត់ ដោយសត្វព្រនាក់គ បាននិយាយជាសំឡេងមនុស្ស ទាំងឃាត់ឃាំងសេចក្តីចំកួតរបស់គាត់
17. ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ ជាពពកដែលខ្យល់ព្យុះបក់ផាត់ ដែលសេចក្តីងងឹតសូន្យឈឹង បានបំរុងទុកឲ្យគេនៅអស់កល្បជានិច្ច