3. រួចយកខួចប្រេងនេះចាក់លើក្បាលលោក ដោយជំរាបថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល រួចហើយចូរឯងបើកទ្វាររត់ទៅ កុំឲ្យបង្អង់ឡើយ
4. ដូច្នេះ មនុស្សកំឡោះ ជាអ្នកបំរើពួកហោរានោះ ក៏ទៅឯរ៉ាម៉ូត-កាឡាតទៅ
5. កាលគាត់ទៅដល់ហើយ នោះឃើញពួកមេទ័ពកំពុងអង្គុយនៅជាមួយគ្នា គាត់ក៏ជំរាបថា លោកមេទ័ពអើយ ខ្ញុំមានការ១ចំពោះលោក រួចយេហ៊ូវសួរថា តើចំពោះអ្នកណាក្នុងពួកយើងនេះ គាត់ឆ្លើយថា លោកមេទ័ពអើយ គឺចំពោះលោកនេះឯង
6. ដូច្នេះ យេហ៊ូវក៏ក្រោកឡើង ចូលទៅក្នុងផ្ទះ រួចអ្នកនោះចាក់ប្រេងលើក្បាលលោកជំរាបថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញ