10. ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់១ ក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
11. បន្ទាប់នោះ យេហ៊ូវក៏ចេញមកឯពួកមេទ័ពរបស់ចៅហ្វាយលោក មានម្នាក់សួរថា តើស្រួលបួលទេឬមនុស្សចំកួតនេះមករកលោកធ្វើអី លោកឆ្លើយថា លោករាល់គ្នាស្គាល់មនុស្សនោះនឹងរឿងគេហើយ
12. តែពួកនោះឆ្លើយឡើងថា នេះភរទេ សូមប្រាប់យើងឲ្យត្រង់មក លោកក៏ប្រាប់ថា អ្នកនោះបាននិយាយប្រាប់ខ្ញុំយ៉ាងនេះមួយៗដោយពាក្យថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើស្រុកអ៊ីស្រាអែលហើយ
13. ដូច្នេះ គេក៏ប្រញាប់ប្រញាល់នឹងយកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើររួចផ្លុំត្រែឡើងថា យេហ៊ូវជាស្តេចហើយ។
14. ដូច្នេះ យេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី លោកក៏គិតក្បត់នឹងយ៉ូរ៉ាម (រីឯយ៉ូរ៉ាម និងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន គេកំពុងតែការពាររក្សាក្រុងរ៉ាម៉ូត-កាឡាត ដោយព្រោះហាសែល ជាស្តេចស្រុកស៊ីរី
15. តែស្តេចយ៉ូរ៉ាមទ្រង់បានវិលទៅឯយេសរាល ដើម្បីរក្សារបួសដែលពួកស៊ីរីបានធ្វើ ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្តេចស៊ីរីនោះ) នោះយេហ៊ូវពោលថា បើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយ នោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះ នាំដំណឹងទៅប្រាប់ក្នុងក្រុងយេសរាលឡើយ
16. យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតយ៉ូរ៉ាមទ្រង់ផ្ទំប្រឈួននៅទីនោះ ហើយអ័ហាស៊ីយ៉ា ជាស្តេចយូដា បានយាងចុះមកសួរ។
17. មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា តើមកដោយមេត្រីឬ
18. ដូច្នេះទ័ពសេះម្នាក់នោះ ក៏ចេញទៅជួបនឹងគេ ប្រាប់ថា ស្តេចទ្រង់មានព្រះបន្ទូលសួរដូច្នេះ តើមកដោយមេត្រីឬ តែយេហ៊ូវតបថា តើឯងត្រូវការអ្វីនឹងសេចក្តីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ អ្នកចាំយាមក៏ប្រាប់ថា អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែមិនមកវិញសោះ
19. នោះទ្រង់ក៏ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់គេប្រាប់ថា ស្តេចទ្រង់មានព្រះបន្ទូលសួរដូច្នេះថា តើមកដោយមេត្រីឬ តែយេហ៊ូវឆ្លើយតបថា តើឯងត្រូវការអ្វីនឹងសេចក្តីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ
20. ដូច្នេះ អ្នកចាំយាមប្រាប់ថា អ្នកនោះបានទៅដល់គេហើយ តែមិនមកវិញសោះ ឯភាពដែលបររថ នោះមើលទៅដូចជាយេហ៊ូវ ជាកូននីមស៊ី ដ្បិតគេបរមកយ៉ាងលឿនអាក្រក់ណាស់។