6. ហើយអេសាយលោកមានប្រសាសន៍ថា ត្រូវឲ្យអ្នករាល់គ្នាទូលដល់ចៅហ្វាយរបស់អ្នកថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យខ្លាចចំពោះពាក្យសំដី ដែលឯងបានឮ ជាពាក្យដែលពួកបំរើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់អញនោះឡើយ
7. មើល អញនឹងបណ្តាលគំនិតវាឲ្យសំរេចនឹងត្រឡប់ទៅស្រុកវាវិញ ដោយបានឮដំណឹងមួយ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។
8. ឯរ៉ាបសាកេក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណាវិញ ដ្បិតលោកឮថា ទ្រង់បានថយពីក្រុងឡាគីសទៅហើយ
9. រួចកាលមានដំណឹងឮមកដល់ទ្រង់ថា ទារហាកា ជាស្តេចស្រុកអេធីយ៉ូពី បានចេញមកច្បាំងនឹងទ្រង់ហើយ នោះទ្រង់ក៏ចាត់សារ ឲ្យទៅឯហេសេគា ដោយពាក្យថា
10. ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ផងឯង ដែលឯងទុកចិត្តនោះ បញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
11. មើល ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ
12. ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកអយ្យកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ានក្រុងរេសែភ និងពួកកូនចៅអេដែន ដែលនៅក្នុងស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
13. តើស្តេចក្រុងហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចនៃក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា។
14. ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ
15. ហើយទ្រង់អធិស្ឋាន នៅចំពោះព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់គង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី
16. ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានផ្ញើមកប្រកួតដល់ទ្រង់ ជាព្រះដ៏មានព្រះជន្មរស់ចុះ
17. ឱព្រះយេហូវ៉ាអើយ ស្តេចអាសស៊ើរបានបំផ្លាញអស់ទាំងសាសន៍ និងស្រុកគេជាប្រាកដមែន