២ ពង្សាវតារក្សត្រ 10:18-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. នៅ​គ្រា​នោះ យេហ៊ូវ​ក៏​ប្រមូល​ពួក​បណ្តា‌ជន​ទាំង​អស់​មក​ប្រាប់​ថា អ័ហាប់​បាន​គោរព​ដល់​ព្រះ‌បាល​តែ​បន្តិច​ទេ តែ​យេហ៊ូវ​នឹង​គោរព​ដល់​ទ្រង់​ជា​ច្រើន​វិញ

19. ដូច្នេះ ចូរ​ហៅ​ពួក​ហោរា​របស់​ព្រះ‌បាល​ទាំង​អស់ មក​ឯ​យើង​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ទ្រង់ និង​អស់​ពួក​សង្ឃ​របស់​ទ្រង់​ផង កុំ​ឲ្យ​មាន​ខ្វះ​អ្នក​ណា​មួយ​ឡើយ ដ្បិត​យើង​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ធំ​ដល់​ព្រះ‌បាល បើ​អ្នក​ណា​ខាន​មក នោះ​នឹង​ត្រូវ​ស្លាប់ តែ​យេហ៊ូវ​លោក​ប្រព្រឹត្ត​ដោយ​ឧបាយ​ទេ ប្រយោជន៍​ដើម្បី​នឹង​បំផ្លាញ​ពួក​អ្នក ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​ចេញ

20. យេហ៊ូវ​បង្គាប់​ឲ្យ​គេ​ញែក​ថ្ងៃ​១ ទុក​ជា​ថ្ងៃ​បុណ្យ​មុត‌មាំ​ថ្វាយ​ព្រះ‌បាល គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ

21. យេហ៊ូវ​ចាត់​គេ​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដូច្នេះ ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ‌បាល​ក៏​មក​ទាំង​អស់​គ្នា ឥត​មាន​សល់​ដល់​ម្នាក់​ឡើយ គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌បាល ទាល់​តែ​វិហារ​នោះ​បាន​ពេញ​ណែន តាំង​តែ​ពី​ចុង​ម្ខាង​រហូត​ដល់​ចុង​ម្ខាង

22. នោះ​លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សំរាប់​ពាក់​ថ្វាយ‌បង្គំ​ថា ចូរ​យក​អាវ​មក ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​គ្នា​ទៅ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា

23. រួច​យេហ៊ូវ និង​យ៉ូណា‌ដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះ‌បាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ថា ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ‌បង្គំ​ព្រះ‌បាល​ប៉ុណ្ណោះ

២ ពង្សាវតារក្សត្រ 10