7. កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំងបន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី
8. ខ្ញុំបានបង្អត់ពួកជំនុំឯទៀត ដោយទទួលឈ្នួលពីគេ ដើម្បីនឹងយកមកបំរើអ្នករាល់គ្នាវិញ
9. ហើយកាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា បើកាលណាខ្វះខាត នោះខ្ញុំមិនបានឲ្យអ្នកណាកើតទុក្ខទេ ដ្បិតពួកបងប្អូន ដែលមកពីស្រុកម៉ាសេដូន បានជួយបំពេញសេចក្ដីដែលខ្ញុំខ្វះនោះហើយ ខ្ញុំមិនដែលឲ្យអ្នករាល់គ្នាកើតទុក្ខពីព្រោះខ្ញុំ ក្នុងការអ្វីសោះ ហើយទៅមុខក៏មិនដែលដែរ
10. ខ្ញុំប្រាប់ដោយនូវសេចក្ដីពិតរបស់ព្រះគ្រីស្ទ ដែលនៅក្នុងខ្លួនខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្ដីអំនួតនេះពីខ្ញុំ នៅក្នុងស្រុកអាខៃបានឡើយ
11. ចុះតើដោយហេតុអ្វី ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬអី នោះព្រះអង្គទ្រង់ជ្រាបហើយ
12. តែការដែលខ្ញុំធ្វើ ខ្ញុំនឹងចេះតែធ្វើទៅ ដើម្បីនឹងដកឱកាសចេញពីពួកអ្នកដែលរករឿង ប្រយោជន៍ឲ្យគេបានដូចជាយើងខ្ញុំ ក្នុងការអ្វីដែលគេអួតខ្លួននោះដែរ
13. ដ្បិតមនុស្សយ៉ាងនោះជាសាវកក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវកនៃព្រះគ្រីស្ទទេ
14. ហើយសេចក្ដីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ
15. ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្ដីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេ នឹងបានត្រូវតាមអំពើដែលគេធ្វើដែរ។
16. ខ្ញុំប្រាប់ម្តងទៀតថា កុំឲ្យអ្នកណារាប់ខ្ញុំទុកដូចជាល្ងង់ខ្លៅឡើយ តែបើរាប់ទុកជាល្ងង់ខ្លៅមែន នោះត្រូវទទួលខ្ញុំ ទុកដូចជាមនុស្សល្ងង់ខ្លៅដែរ ដើម្បីឲ្យខ្ញុំបានអួតខ្លួនបន្តិច
17. សេចក្ដីដែលខ្ញុំប្រាប់នេះ មិនមែនប្រាប់តាមព្រះអម្ចាស់ទេ គឺប្រាប់បែបដូចជាល្ងង់ខ្លៅវិញ ដោយស្មានថា ខ្ញុំមានកន្លែងអួតខ្លួនបានខ្លះ
18. ដ្បិតដែលមានមនុស្សជាច្រើនអួតខ្លួនខាងសាច់ឈាម នោះខ្ញុំនឹងអួតដែរ
19. ព្រោះអ្នករាល់គ្នាដែលមានប្រាជ្ញា នោះចេះតែទ្រាំទ្រនឹងមនុស្សល្ងង់ខ្លៅ ដោយស្ម័គ្រពីចិត្តវិញ
20. ពីព្រោះអ្នករាល់គ្នាទ្រាំទ្រនឹងការដែលគេចាប់អ្នកប្រើ ឬស៊ីសាច់អ្នក ឬដណ្តើមយកអ្វីពីអ្នក ឬបើអ្នកណាដំកើងខ្លួនលើអ្នក ឬបើអ្នកណាទះកំផ្លៀងអ្នកនោះផង