4. នោះគេក៏ចាត់ឲ្យទៅឯស៊ីឡូរ នាំយកហឹបនៃសេចក្តីសញ្ញា ផងព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្តាលចេរូប៊ីន ពីទីនោះមក ឯហុបនី និងភីនេហាស ជាកូនអេលីទាំង២ ក៏នៅទីនោះ ជាមួយនឹងហឹបនៃសេចក្តីសញ្ញារបស់ព្រះដែរ។
5. កាលហឹបនៃសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា បានមកដល់ក្នុងទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង ដល់ម៉្លេះបានជាឮខ្ទរខ្ទារនៅផែនដី
6. លុះពួកភីលីស្ទីនបានឮសូរសព្ទសំរែកដូច្នោះ ក៏សួរគ្នាថា តើសូរសព្ទសំរែកជាខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរជាយ៉ាងណាហ្ន៎ នោះក៏យល់ឃើញថា ហឹបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ
7. ដូច្នេះ ពួកភីលីស្ទីនមានសេចក្តីភ័យ ដោយថា ព្រះបានយាងមកក្នុងទីបោះទ័ពគេហើយ រួចក៏ថា វរហើយ យើងរាល់គ្នា ដ្បិតកាលពីដើមមិនដែលមានដូច្នេះឡើយ
8. វរហើយ យើងរាល់គ្នា តើមានអ្នកណានឹងជួយយើង ឲ្យរួចពីកណ្តាប់ដៃនៃព្រះដ៏ខ្លាំងពូកែទាំងនេះ គឺព្រះទាំងប៉ុន្មាននេះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្តីវេទនាគ្រប់យ៉ាង
9. ឱពួកភីលីស្ទីនអើយ ចូរខំប្រឹងឡើង ហើយសំរេចខ្លួនឲ្យពេញជាមនុស្សចុះ ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាបាវបំរើនៃពួកហេព្រើរ ដូចជាគេបានធ្វើជាបាវបំរើដល់យើងនោះឡើយ ចូរសំរេចខ្លួនឲ្យពេញជាមនុស្ស ហើយតដៃនឹងគេចុះ