16. នោះសាំយូអែលឆ្លើយថា បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះ
17. ព្រះយេហូវ៉ាបានសំរេចដល់ទ្រង់ តាមសេចក្តីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ
18. ពីព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាលេក តាមសេចក្តីក្រេវក្រោធរបស់ព្រះផង ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ
19. មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែល ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។
20. ខណៈនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្តីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកំឡាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ