6. កាលបានចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ
7. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ
8. រួចអ៊ីសាយហៅអ័ប៊ីន៉ាដាប់មក ឲ្យដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកនេះទេ
9. នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា ព្រះយេហូវ៉ាទ្រង់ក៏មិនរើសយកអ្នកនេះដែរ
10. អ៊ីសាយក៏ឲ្យកូនទាំង៧នាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសអ្នកទាំងនេះឡើយ
11. ហើយសួរថា អ្នកមានកូនតែប៉ុណ្ណេះទេឬអី គាត់ឆ្លើយថា នៅមានកូនពៅ១ទៀត វាកំពុងតែឃ្វាលចៀម លោកមានប្រសាសន៍ទៅអ៊ីសាយថា ចូរចាត់គេឲ្យទៅនាំវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ
12. ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ
13. សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។
14. គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏ដកថយចេញពីសូលទៅ ហើយព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមកបំភ័យទ្រង់
15. នោះពួកមហាតលិករបស់សូលទូលថា មើល មានវិញ្ញាណអាក្រក់ពីព្រះមកបំភ័យទ្រង់ហើយ