21. ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជាសំខាន់ៗក្នុងរបស់ទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃលោកនៅត្រង់គីលកាល
22. សាំយូអែលទូលឆ្លើយថា តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងដង្វាយដុត ហើយនឹងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមទ្រង់ឬអី មើល ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត
23. ឯសេចក្តីរឹងទទឹង នោះក៏ជាបាបដូចជាការមន្តវិជ្ជាដែរ ហើយសេចក្តីចចេសសោត ក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនឹងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចទៀត ដោយព្រោះទ្រង់បានបោះបង់ចោល លែងតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ។
24. នោះសូលទ្រង់ឆ្លើយទៅសាំយូអែលថា ខ្ញុំមានបាបហើយ ពីព្រោះខ្ញុំបានរំលងសេចក្តីបង្គាប់នៃព្រះយេហូវ៉ា និងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបានស្តាប់តាមគេវិញ
25. ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង
26. តែសាំយូអែលប្រកែកថា ទូលបង្គំមិនព្រមវិល ទៅកាន់ខាងទ្រង់ទៀតទេ ពីព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ
27. រួចកាលសាំយូអែលបែរខ្លួនរៀបនឹងចេញទៅ នោះសូលចាប់ជាយអាវលោក ហើយអាវក៏រហែក