14. បើសិនជាអ្នករាល់គ្នានឹងកោតខ្លាច ហើយគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ព្រមទាំងស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឥតទាស់ទទឹងនឹងសេចក្តីបញ្ញត្តណាមួយ ហើយទាំងខ្លួនអ្នករាល់គ្នា និងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នឹងដើរតាមព្រះយេហូវ៉ាជាព្រះនៃអ្នក នោះបានល្អហើយ
15. ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះយេហូវ៉ាទេ គឺទាស់ទទឹងនឹងសេចក្តីបញ្ញត្តរបស់ទ្រង់វិញ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងបានទាស់នឹងអ្នករាល់គ្នា ដូចជាបានទាស់នឹងពួកអយ្យកោនៃអ្នករាល់គ្នាដែរ
16. ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ាទ្រង់នឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ
17. នៅរដូវនេះ តើមិនមែនជាចំរូតនៃស្រូវភោជ្ជសាលីទេឬអី តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យទ្រង់បានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ
18. នោះសាំយូអែលក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងធ្លាក់ចុះមកនៅថ្ងៃនោះឯង ដូច្នេះ បណ្តាជនទាំងឡាយក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់សាំយូអែលជាខ្លាំង។