5. គឺអេសាភជាមេ ហើយបន្ទាប់មកមានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម និងយីអែល សុទ្ធតែកាន់ពិណ និងស៊ុង ហើយអេសាភជាអ្នកវាយឈឹងឲ្យឮរងំ
6. ឯបេណាយ៉ា និងយ៉ាហាសៀល ជាពួកសង្ឃ ក៏ផ្លុំត្រែជានិច្ច នៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះ។
7. នៅថ្ងៃនោះឯង ដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា ដោយសារអេសាភ និងពួកបងប្អូនលោកថា
8. ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍
9. ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
10. ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ទ្រង់ ចូរឲ្យអស់អ្នក ដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង
11. ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ទ្រង់ ចូររកព្រះភក្ត្រទ្រង់ជានិច្ច
12. ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើ គឺពីការចំឡែករបស់ទ្រង់ និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឱស្ឋទ្រង់មក
13. ឱអ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ជាពួកបំរើទ្រង់ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ទ្រង់អើយ
14. ទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តទាំងប៉ុន្មាននៃទ្រង់ នៅពេញពាសលើផែនដី
15. ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ជាដរាប គឺជាព្រះបន្ទូល ដែលទ្រង់បានបង្គាប់ ដល់មនុស្សទាំងពាន់ដំណ
16. ជាសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ ដែលទ្រង់បានស្បថនឹងអ៊ីសាក
17. ព្រមទាំងបញ្ជាក់សេចក្ដីនោះឯងទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សំរាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច
18. ដោយព្រះបន្ទូលថា អញ និងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង
19. ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង
20. គេចេញដំណើរពីនគរ១ទៅនគរ១ ហើយពីសាសន៍១ដល់សាសន៍១ទៀត
21. ទ្រង់មិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ទ្រង់បានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង
22. ដោយព្រះបន្ទូលថា កុំពាល់ពួកដែលអញបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់អញដែរ