7. ហើយយ៉ូអេឡា និងសេបាឌា ជាកូនយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8. ក៏មានមនុស្សក្នុងពួកកាឌ់ បានញែកខ្លួនទៅខាងដាវីឌ ក្នុងទីពំនួននៅទីរហោស្ថាន គេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយស្ទាត់ក្នុងចំបាំង ក៏ចេះប្រើទាំងខែល និងលំពែង គេមានមុខដូចជាមុខសិង្ហ ហើយក៏រហ័ស ដូចជាឈ្លូសនៅលើភ្នំ
9. នោះគឺអេស៊ើរ ជាមេ អូបាឌា ជាទី២ អេលាប ជាទី៣
10. មីសម៉ាណាជាទី៤ យេរេមី ជាទី៥
11. អ័ថាយ ជាទី៦ អេលាល ជាទី៧
12. យ៉ូហាណាន ជាទី៨ អែលសាបាឌ ជាទី៩
13. យេរេមី ជាទី១០ ម៉ាបាណាយ ជាទី១១
14. ពួកកូនចៅកាឌ់ទាំងនោះ សុទ្ធតែជាមេលើពលទ័ព ឯអ្នកដែលខ្សោយជាងគេ នោះក៏ស្មើនឹង១០០នាក់ ហើយអ្នកដែលខ្លាំងជាងក៏ស្មើនឹង១ពាន់នាក់
15. នេះជាពួកអ្នក ដែលបានឆ្លងទន្លេយ័រដាន់នៅខែចេត្រ ក្នុងវេលាដែលទន្លេបានឡើងលិចច្រាំងទាំងអស់ រួចគេច្បាំងនឹងពួកមនុស្សនៅច្រកភ្នំទាំងអស់ នៅខាងកើត និងខាងលិចផង ក៏បំបាក់ទ័ពឲ្យគេរត់ទៅ។
16. ក៏មានពួកកូនចៅបេនយ៉ាមីន និងយូដា មកឯដាវីឌ នៅទីពំនួននោះដែរ
17. ឯដាវីឌទ្រង់ចេញទៅទទួលគេ ដោយព្រះបន្ទូលថា បើអ្នករាល់គ្នាបានមកដោយមេត្រី ដើម្បីនឹងជួយខ្ញុំពិត នោះចិត្តខ្ញុំនឹងមូលជាប់នឹងអ្នករាល់គ្នា តែបើសិនជាមក ដើម្បីក្បត់បញ្ជូនខ្ញុំដល់ពួកខ្មាំងសត្រូវ ដែលខ្ញុំគ្មានធ្វើខុសអ្វីឡើយ នោះសូមឲ្យព្រះនៃពួកអយ្យកោយើងរាល់គ្នាទតមើលផង ហើយកាត់សំរេចចុះ
18. ព្រះវិញ្ញាណក៏មកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួក៣០នាក់ ហើយលោកទូលថា ឱដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ផងលោក ឱកូនអ៊ីសាយអើយ យើងខ្ញុំកាន់ខាងលោកហើយ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខចំរើន ព្រមទាំងពួកអ្នកដែលជួយខាងលោកផង ដ្បិតព្រះនៃលោកទ្រង់ជួយដល់លោក ដូច្នេះ ដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។