24. ទ្រង់បានកាន់តាមសេចក្តីសន្យា ដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ អ្នកបំរើទ្រង់ ជាបិតាទូលបង្គំ គឺទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋ ហើយបានសំរេចតាម ដោយសារព្រះហស្តទ្រង់ ដូចជាមានសព្វថ្ងៃនេះ
25. ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្តីនេះទៀត ជាសេចក្តីដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបំរើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យ របស់សាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងបានប្រុងប្រយ័ត្ននឹងដើរតាមផ្លូវ នៅមុខអញ ដូចជាឯងបានដើរនោះដែរ
26. ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលនៃទ្រង់ ដែលទ្រង់បានមានព្រះបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបំរើទ្រង់ចុះ