7. ឥឡូវនេះ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បានតាំងទូលបង្គំជាបាវបំរើទ្រង់ឡើង ធ្វើជាស្តេចជំនួសដាវីឌព្រះបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ
8. ទូលបង្គំ ជាបាវបំរើទ្រង់ នៅកណ្តាលប្រជាជន ដែលទ្រង់បានជ្រើសរើស ជាសាសន៍១ធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន
9. ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ដែលមានគ្នាច្រើនទាំងនេះបាន។
10. ព្រះអម្ចាស់ ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្តីដែលសាឡូម៉ូនបានសូមនោះ
11. ហើយទ្រង់មានព្រះបន្ទូលតបថា ដោយព្រោះឯងបានសូមសេចក្តីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតនៃពួកខ្មាំងសត្រូវឯង គឺបានសូមឲ្យមានយោបល់សំរាប់នឹងយល់សេចក្តីយុត្តិធម៌វិញ
12. ដូច្នេះ អញបានធ្វើតាមពាក្យឯងហើយ មើល អញបានឲ្យឯងមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដល់ម៉្លេះបានជាមុនឯងឥតមានអ្នកណាឲ្យដូចឯងឡើយ ហើយក្រោយឯង ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចឯងដែរ
13. អញក៏បានឲ្យសេចក្តីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ
14. បើសិនជាឯងប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់អញ ដើម្បីនឹងកាន់តាមបញ្ញត្ត និងក្រឹត្យក្រមអញទាំងប៉ុន្មាន ដូចជាដាវីឌ ជាឪពុកឯង បានប្រព្រឹត្ត នោះអញនឹងចំរើនអាយុឯង ឲ្យបានវែងថែមទៀតដែរ
15. រួចសាឡូម៉ូនក៏តើនឡើង ហើយមើល នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហឹបនៃសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយដង្វាយដុត និងដង្វាយមេត្រី រួចក៏ជប់លៀងបណ្តាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
16. ក្រោយតមក មានស្រីសំផឹង២នាក់បានមកឈរនៅចំពោះស្តេច
17. នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ