5. រួចពួករាជទូតក៏មកម្តងទៀត ទូលថា បេន-ហាដាឌ់ទ្រង់មានព្រះបន្ទូលម្តងហើយថា អញបានចាត់ទូតឲ្យមកឯងប្រាប់ថា ត្រូវឲ្យឯងប្រគល់មាស ប្រាក់ និងប្រពន្ធកូនឯងមកអញ
6. តែដល់ថ្ងៃស្អែកពេលថ្មើរនេះ នោះអញនឹងចាត់ពួកអញឲ្យមកឯឯង គេនឹងឆែកមើលក្នុងដំណាក់ឯង ហើយក្នុងផ្ទះពួកបំរើឯង ឯរបស់ណាដែលជាទីគាប់ភ្នែកឯង នោះគេនឹងចាប់កាន់នៅដៃយកទៅ។
7. ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានព្រះបន្ទូលថា សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូត ឲ្យមកទារយកប្រពន្ធកូន និងមាសប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ
8. នោះពួកចាស់ទុំ និងប្រជាជនទាំងឡាយទូលឆ្លើយឡើងថា សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ
9. ហេតុដូច្នេះទ្រង់ឆ្លើយប្រាប់ទៅពួករាជទូតរបស់បេន-ហាដាឌ់ថា ចូរទៅទូលស្តេចជាម្ចាស់យើងថា គ្រប់ទាំងសេចក្តី ដែលទ្រង់បានចាត់មកបង្គាប់ឲ្យខ្ញុំធ្វើជាន់មុន នោះខ្ញុំសុខចិត្តធ្វើហើយ តែសេចក្តីក្រោយនេះខ្ញុំមិនអាចនឹងធ្វើបានទេ ពួករាជទូតក៏នាំពាក្យនោះទៅទូលដល់បេន-ហាដាឌ់វិញ
10. ដូច្នេះ ទ្រង់ចាត់គេឲ្យមកទូលថា បើមានធូលីក្នុងក្រុងសាម៉ារីល្មម១កំបង់ដៃ ដល់ពួកអ្នកដែលតាមអញមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់អញយ៉ាងដូច្នេះ ហើយលើសទៅទៀតផង
11. រួចស្តេចអ៊ីស្រាអែលមានព្រះបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ
12. បេន-ហាឌាឌ់បានឮពាក្យនោះ ក្នុងវេលាកំពុងដែលសោយស្រានៅក្នុងពន្លា ជាមួយនឹងពួកស្តេចរង នោះទ្រង់ប្រាប់ដល់ពួកពលទ័ពទ្រង់ថា ចូររៀបចំឡើង គេក៏ដំរៀបគ្នារៀបច្បាំងនឹងទីក្រុង។
13. ខណៈនោះ មានហោរាម្នាក់ចូលទៅគាល់អ័ហាប់ ជាស្តេចអ៊ីស្រាអែល ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា តើឃើញហ្វូងទ័ពធំនេះឬទេ មើល នៅថ្ងៃនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
14. អ័ហាប់មានព្រះបន្ទូលសួរថា តើដោយសារអ្នកណា រួចគាត់ទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ស្តេចក៏សួរទៀតថា តើអ្នកណាត្រូវនាំទៅបះនឹងគេជាមុន គាត់ទូលឆ្លើយថា គឺជាទ្រង់ព្រះករុណា
15. ដូច្នេះ ស្តេចក៏ចេញទៅ ត្រួតមើលពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ឃើញមានគ្នា២៣២នាក់ បន្ទាប់មក ស្តេចក៏ត្រួតមើលបណ្តាជន ជាពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឃើញមាន៧ពាន់នាក់។