2. ជាស្ត្រីនៃសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា មិនត្រូវឯងរាល់គ្នាចូលទៅឯគេ ឬឲ្យគេចូលមកឯងរាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តឯងរាល់គ្នាឲ្យទៅតាមព្រះគេជាមិនខាន តែសាឡូម៉ូនបានចងពន្ធនឹងគេ ដោយសេចក្តីស្រឡាញ់វិញ
3. ទ្រង់មានភរិយាអស់៧០០ សុទ្ធតែជាកូនស្តេចទាំងអស់ ហើយមានស្រីអ្នកម្នាង៣០០ ឯភរិយាទាំងនោះ ក៏នាំបង្វែរព្រះទ័យទ្រង់ចេញ
4. ដ្បិតកាលណាសាឡូម៉ូនទ្រង់ចាស់ហើយ នោះភរិយាទ្រង់បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យរបស់ដាវីឌ ជាបិតាទ្រង់ទេ
5. ពីព្រោះសាឡូម៉ូនទ្រង់ប្រតិបត្តិតាមព្រះអាសថារ៉ូត ជាព្រះនៃពួកស៊ីដូន ហើយតាមព្រះមីលកូម ជាសេចក្តីគួរខ្ពើមរបស់ពួកអាំម៉ូនដែរ
6. សាឡូម៉ូនក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាត ដូចជាដាវីឌ ជាព្រះបិតាទ្រង់ដែរ
7. នៅគ្រានោះសាឡូម៉ូនទ្រង់ក៏ធ្វើកន្លែង សំរាប់ថ្វាយបង្គំដល់ព្រះកេម៉ូស ជាសេចក្តីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់១ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម និងសំរាប់ព្រះម៉ូឡុក ជាសេចក្តីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ
8. ទ្រង់ក៏ធ្វើយ៉ាងនោះសំរាប់ដល់គ្រប់ទាំងភរិយារបស់ទ្រង់ ជាសាសន៍ដទៃទាំងនោះ ហើយនាងទាំងនោះក៏ដុតកំញាន ព្រមទាំងថ្វាយយញ្ញបូជា ដល់ព្រះរបស់គេ។
9. ដូច្នេះ ព្រះយេហូវ៉ាទ្រង់កើតមានសេចក្តីខ្ញាល់ចំពោះសាឡូម៉ូន ដោយព្រោះព្រះទ័យទ្រង់បានបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញ២ដងហើយ
10. ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរ ថា មិនត្រូវឲ្យទ្រង់ប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មកនោះទេ
11. ហេតុដូច្នោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាឡូម៉ូនថា ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្តីសញ្ញារបស់អញ និងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ត្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបំរើរបស់ឯងវិញ
12. ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ
13. អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសហើយផង។
14. ព្រះយេហូវ៉ាទ្រង់ក៏បណ្តាល ឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដំម ដែលជាវង្សានៃស្តេចស្រុកនោះ
15. ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម
16. (ដ្បិតយ៉ូអាប់ និងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសំឡាប់ពួកប្រុសៗនៃសាសន៍អេដំមនោះអស់រលីងទៅ)
17. គ្រានោះ ហាដាឌ់បានរត់រួច ព្រមទាំងសាសន៍អេដំមខ្លះ ដែលជាអ្នកបំរើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌ់នៅជាកុមារតូចនៅឡើយ
18. គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំយកមនុស្សខ្លះពីប៉ារ៉ាន ទៅជាមួយនឹងគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោន ជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះ១ឲ្យលោកនៅ និងស្រែចំការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង
19. ឯហាដាឌ់ បានប្រកបដោយគុណរបស់ផារ៉ោនយ៉ាងធំ ដល់ម៉្លេះបានជាទ្រង់ប្រទានប្អូនរបស់ភរិយាទ្រង់ គឺជាប្អូននាងថាផ្នេស ដែលជាអគ្គមហេសី ឲ្យធ្វើជាប្រពន្ធលោក