12. ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ
13. អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសហើយផង។
14. ព្រះយេហូវ៉ាទ្រង់ក៏បណ្តាល ឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដំម ដែលជាវង្សានៃស្តេចស្រុកនោះ
15. ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម
16. (ដ្បិតយ៉ូអាប់ និងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសំឡាប់ពួកប្រុសៗនៃសាសន៍អេដំមនោះអស់រលីងទៅ)
17. គ្រានោះ ហាដាឌ់បានរត់រួច ព្រមទាំងសាសន៍អេដំមខ្លះ ដែលជាអ្នកបំរើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌ់នៅជាកុមារតូចនៅឡើយ
18. គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំយកមនុស្សខ្លះពីប៉ារ៉ាន ទៅជាមួយនឹងគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោន ជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះ១ឲ្យលោកនៅ និងស្រែចំការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង
19. ឯហាដាឌ់ បានប្រកបដោយគុណរបស់ផារ៉ោនយ៉ាងធំ ដល់ម៉្លេះបានជាទ្រង់ប្រទានប្អូនរបស់ភរិយាទ្រង់ គឺជាប្អូននាងថាផ្នេស ដែលជាអគ្គមហេសី ឲ្យធ្វើជាប្រពន្ធលោក
20. ប្អូនរបស់នាងថាផ្នេសក៏បង្កើតកូនប្រុស១ឲ្យលោក ឈ្មោះថា កេនូបាត ហើយនាងថាផ្នេសក៏ផ្តាច់ដោះ នៅក្នុងដំណាក់ផារ៉ោន រួចកេនូបាតបាននៅក្នុងដំណាក់ផារ៉ោន ជាមួយនឹងព្រះរាជបុត្រនៃស្តេច
21. ក្រោយមក កាលហាដាឌ់បានឮនៅស្រុកអេស៊ីព្ទថា ដាវីឌបានផ្ទំលក់ជាមួយនឹងពួកអយ្យកោទ្រង់ហើយ ព្រមទាំងយ៉ូអាប់ជាមេទ័ពដែរ នោះហាដាឌ់ទូលផារ៉ោនថា សូមឲ្យទូលបង្គំត្រឡប់ទៅឯស្រុកទូលបង្គំវិញ
22. តែផារ៉ោនមានព្រះបន្ទូលសួរថា នៅជាមួយនឹងយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ លោកទូលឆ្លើយថា គ្មានខ្វះអ្វីទេ ប៉ុន្តែសូមឲ្យតែទូលបង្គំបានទៅចុះ។
23. ព្រះក៏បណ្តាឲ្យមានអ្នកតតាំងនឹងទ្រង់ម្នាក់ទៀត គឺឈ្មោះរេសោន ជាកូនអេលីយ៉ាដា ជាអ្នកដែលបានរត់ពីហាដា-រេស៊ើរ ជាស្តេចសូបា ចៅហ្វាយរបស់ខ្លួន
24. អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសំឡាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ