6. បន្ទប់ទាំងនោះមាន៣ជាន់ គឺបន្ទប់១នៅលើ១ទៀត ទាំងអស់មាន៣០បន្ទប់ ក៏តជាប់ពីជញ្ជាំងព្រះវិហារ សំរាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ
7. ហើយបន្ទប់ទាំងនោះបានកាន់តែធំ ជាលំដាប់ តាមដែលឡើងខ្ពស់ទៅព័ទ្ធជុំវិញព្រះវិហារ ដ្បិតផ្លូវដែលព័ទ្ធជុំវិញព្រះវិហារ បានឡើងកាន់តែខ្ពស់ទៅ តែទទឹងព្រះវិហារនៅដូចគ្នាទៅខាងលើ ហេតុនោះ បន្ទប់បានកាន់តែធំទូលាយទៅខាងលើយ៉ាងនោះ ចេញពីបន្ទប់ ជាន់ក្រោមឡើង ទៅឯបន្ទប់ជាន់លើ ដោយផ្លូវកណ្តាល
8. ខ្ញុំក៏ពិចារណាមើលកំពស់ព្រះវិហារនៅព័ទ្ធជុំវិញ ឃើញថា ជើងជញ្ជាំងបន្ទប់ទាំងនោះបានខ្ពស់ពេញ១ខ្នាតបបុស គឺ៦ហត្ថធំ
9. ឯកំរាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបាន៥ហត្ថ ហើយប្រឡោះដែលសល់ នោះសំរាប់បន្ទប់ខាងៗរបស់ព្រះវិហារ
10. ហើយនៅកណ្តាលបន្ទប់ទាំងនោះ មានប្រឡោះទទឹង២០ហត្ថនៅព័ទ្ធជុំវិញព្រះវិហារ
11. ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារ១បើកទៅខាងជើង ហើយ១ទៀតបើកទៅខាងត្បូង ហើយមានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹង៥ហត្ថ។
12. ឯមន្ទីរដែលនៅខាងមុខទីលានទទេ គឺនៅខាងលិច នោះទទឹង៧០ហត្ថ បណ្តោយ៩០ហត្ថ ហើយជញ្ជាំងមន្ទីរនៅព័ទ្ធជុំវិញ មានកំរាស់៥ហត្ថ
13. ដូច្នេះ លោកក៏វាស់ព្រះវិហារបាន១០០ហត្ថ ហើយទីលានទទេ និងមន្ទីរនោះ ព្រមទាំងជញ្ជាំងផង នោះមានបណ្តោយ១០០ហត្ថ
14. ឯទទឹងខាងមុខព្រះវិហារ និងទីលានទទេនៅខាងកើត នោះក៏១០០ហត្ថ។
15. លោកក៏វាស់ប្រវែងនៃមន្ទីរ នៅមុខទីលានទទេ ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបាន១០០ហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងបាំងសាចនៃទីលានផង
16. អស់ទាំងទ្វារ និងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំង៣ជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះ សុទ្ធតែគ្របបិទ)
17. ទៅដល់ខាងលើទ្វារ រហូតដល់ក្នុងព្រះវិហារ ហើយខាងក្រៅ ព្រមទាំងកំផែងនៅជុំវិញ ទាំងក្នុង ទាំងក្រៅ ក៏ធ្វើតាមទំហំផង
18. នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើ១ នៅជាកណ្តាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខ២រៀងខ្លួន
19. បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ
20. គេបានធ្វើចេរូប៊ីននឹងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ជញ្ជាំងរបស់ព្រះវិហារបានធ្វើយ៉ាងនោះ។
21. ឯក្របទ្វានៃព្រះវិហារ មាន៤ជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មានសណ្ឋានមើលទៅដូចគ្នា
22. ឯអាសនាបានធ្វើពីឈើ កំពស់៣ហត្ថ ប្រវែង២ហត្ថ ឯជ្រុង និងបណ្តោយ ហើយខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់ ហើយលោកនិយាយមកខ្ញុំថា នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា
23. ឯព្រះវិហារ និងទីបរិសុទ្ធ មានទ្វារ២
24. ចំណែកទ្វារទាំងនោះមាន២ផ្ទាំងៗ គឺ២ផ្ទាំងដែលបើកបាន ទ្វារ១មាន២ផ្ទាំង ហើយទ្វារ១ទៀតក៏មាន២ផ្ទាំងដែរ
25. នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីន និងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅបាំងសាចខាងក្រៅមានក្រាលក្តារ