4. ឯងនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងឯង និងពួកកកកុញរបស់ឯង ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង អញនឹងប្រគល់ឯងដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ
5. ឯងនឹងដួលនៅទីវាលទទេ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
6. អញនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
7. អញនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់អញ នៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ ក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់អញត្រូវបង្អាប់ទៀត ដូច្នេះ អស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ា គឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល
8. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល ការនោះកំពុងតែមក ហើយនឹងបានសំរេចជាពិត នេះហើយជាថ្ងៃដែលអញបានប្រាប់នោះ
9. ឯពួកអ្នកដែលនៅអស់ទាំងទីក្រុងនៃស្រុកអ៊ីស្រាអែល គេនឹងចេញទៅប្រមូលគ្រឿងសស្ត្រាវុធដុតចោល គឺទាំងខែលតូច ខែលធំ ទាំងធ្នូ និងព្រួញ ដែកពួយ និងលំពែងផង គេនឹងដុតគ្រឿងទាំងនោះអស់៧ឆ្នាំ