7. ចូរឲ្យឯងបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងឯង និងបណ្តាកងទ័ពទាំងប៉ុន្មានដែលបានមូលមកឯឯងហើយឲ្យឯងធ្វើជាមេទ័ពដល់គេចុះ
8. ក្រោយយូរថ្ងៃទៅ នោះឯងនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះឯងនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ នោះគេនឹងអាស្រ័យនៅដោយសុខសាន្តទាំងអស់គ្នា
9. ឯងនឹងឡើងមក គឺនឹងមកដូចជាខ្យល់ព្យុះ ហើយឯង និងពួកកកកុញទាំងប៉ុន្មានរបស់ឯង ព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ នឹងបានដូចជាពពកគ្របលើស្រុក។
10. ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃនោះ នឹងមានគំនិតកើតឡើងក្នុងចិត្តឯង ហើយឯងនឹងបង្កើតកិច្ចកលអាក្រក់
11. ឯងនឹងថា អញនឹងឡើងទៅឯស្រុកដែលនៅចំហ អញនឹងទៅឯពួកមនុស្ស ដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ