អេសាយ 51:12-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក​ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ

13. ឯង​បាន​ទាំង​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​ឯង​មក ដែល​ទ្រង់​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​តែ​ថ្ងៃ​ឯង​មាន​សេចក្ដី​ភ័យ​វិញ ដោយ​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​ឯង​បង់ តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ​តើ​នៅ​ឯ​ណា

14. បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ

15. ដ្បិត​អញ ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល​ដែល​រលក​កំរើក​ឡើង​ឮ​សន្ធឹក នាម​អញ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ

16. អញ​បាន​ដាក់​ពាក្យ‌ពេចន៍​របស់​អញ​នៅ​ក្នុង​មាត់​ឯង ហើយ​បាន​គ្រប​បាំង​ឯង​ដោយ​ស្រមោល​នៃ​ដៃ​អញ ដើម្បី​ឲ្យ​អញ​បាន​រៀប‌ចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ឯង​ជា​រាស្ត្រ​របស់​អញ។

អេសាយ 51