2. មើល ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាចនៃដៃ ដូចជាព្យុះព្រិល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិច
3. ឯមកុដនៃសេចក្ដីអំនួតរបស់ពួកប្រមឹក ក្នុងពួកអេប្រាអិម ដែលគេយកជាទីអំនួត នោះនឹងត្រូវជាន់ឈ្លីនៅក្រោមជើង
4. ហើយផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល នោះនឹងបានដូចជាផ្លែល្វាដែលទុំជាដំបូងមុនរដូវក្តៅ ដែលកាលណាគេក្រឡេកទៅឃើញ នោះក៏បេះមកដល់ដៃពមចូលទៅភ្លាម
5. នៅគ្រានោះ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងជាមកុដដ៏រុងរឿង ហើយជាគ្រឿងលំអដល់សំណល់នៃរាស្ត្រទ្រង់
6. ហើយជាគំនិតយុត្តិធម៌ ដល់អ្នកដែលអង្គុយជំនុំជំរះ និងជាឫទ្ធិកំឡាំងដល់អ្នក ដែលបណ្តេញពួកពលខ្មាំងឲ្យថយចេញពីទ្វារក្រុង។
7. ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងការជាក់ស្តែងគេយល់ខុសទទេ ក៏រមឹលក្នុងការជំនុំជំរះ
8. ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកំអួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។
9. ដូច្នេះ តើទ្រង់នឹងបង្រៀនចំណេះដល់អ្នកណា តើទ្រង់នឹងធ្វើឲ្យអ្នកណាយល់ដំណឹង គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះវិញ
10. ដ្បិតត្រូវបង្រៀនច្បាប់មួយម្តងៗ ហើយឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច។
11. ទ្រង់នឹងមានព្រះបន្ទូលដល់ជនជាតិនេះ ដោយសំដីរឡប់ ហើយនឹងភាសាដទៃ
12. ទ្រង់បានមានព្រះបន្ទូលនឹងគេថា នេះនែជាសេចក្ដីសំរាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសំរាកចុះ នេះឯងជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ
13. ហេតុដូច្នោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានដល់គេ ដោយច្បាប់មួយម្តងៗ ហើយនឹងឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅដួលផ្ងារចុះ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយត្រូវចាប់បានផង។
14. ដូច្នេះ ឱពួកចំអកឡកឡឺយ ដែលគ្រងលើបណ្តាជននៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ