19. សេចក្ដីអន្តរាយនោះហូរកាត់មកវេលាណា ក៏នឹងកៀរយកអ្នករាល់គ្នាទៅតែម្តង ដ្បិតរាល់តែព្រឹកនឹងហូរកាត់មក ហើយទាំងថ្ងៃទាំងយប់ផង ការដែលគ្រាន់តែឮដំណឹង នោះនឹងបានជាសេចក្ដីគួរស្ញែងខ្លាចហើយ
20. ដ្បិតគ្រែខ្លីពេក នឹងដេកសណ្តូកខ្លួនមិនបាន ហើយផួយក៏តូចផង មិនល្មមនឹងដណ្តប់ខ្លួនដែរ
21. ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ទ្រង់នឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យទ្រង់បានធ្វើការរបស់ទ្រង់ គឺជាការយ៉ាងប្លែក ហើយនឹងសំរេចកិច្ចរបស់ទ្រង់ គឺជាកិច្ចយ៉ាងប្លែក
22. ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសំរេចឲ្យមានការបំផ្លាញនៅគ្រប់លើផែនដីហើយ។
23. ចូរផ្ទៀងត្រចៀកស្តាប់សំឡេងខ្ញុំចុះ ចូរផ្ចង់ចិត្តស្តាប់ពាក្យរបស់ខ្ញុំ
24. ឯអ្នកដែលភ្ជួររាស់ដើម្បីសាបព្រោះ តើគេនៅតែភ្ជួរជានិច្ចឬ តើគេចេះតែបំបែកដី ហើយរាស់ស្រែរបស់ខ្លួនជាដរាបឬ
25. កាលណាគេបានពង្រាបដីហើយ នោះតើមិនព្រោះល្ងស ហើយបាចល្ងខ្មៅ ព្រមទាំងរោយស្រូវភោជ្ជសាលីទៅជាជួរៗ ហើយស្រូវឱកនៅកន្លែងដែលបានដំរូវទុក និងស្រូវអេប៉ូតតាមក្បែរភ្លឺផងទេឬអី
26. ដ្បិតព្រះនៃគេទ្រង់បង្ហាត់បង្រៀនឲ្យគេមានគំនិតយល់ ហើយក៏បង្ហាញឲ្យចេះធ្វើ
27. ពីព្រោះឯល្ងស នោះមិនត្រូវវាយដោយប្រដាប់មុតទេ ក៏មិនត្រូវឲ្យកង់រទេះកិនល្ងខ្មៅដែរ គឺត្រូវគោះល្ងសដោយរំពាត់ ហើយល្ងខ្មៅដោយដំបង