10. គេនឹងនិយាយរចល់មកឯងគ្រប់គ្នាថា អុញន៏ ឯងបានទៅជាខ្សោយដូចយើងឬ បានត្រឡប់ដូចជាយើងដែរឬ
11. ឯសេចក្ដីរុងរឿងឧត្តមរបស់ឯង បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់ឯងផង មានដង្កូវក្រាលក្រោមឯង ហើយនឹងមានដង្កូវគ្របដណ្តប់ឯងដែរ។
12. ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎
13. ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
14. អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត
15. តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ
16. ពួកអ្នកដែលឃើញឯង គេនឹងសំឡឹងមើលចំឯង ហើយពិចារណាឯងដោយពាក្យថា តើមនុស្សនេះឬអី ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ
17. ជាអ្នកដែលបានធ្វើឲ្យលោកីយ៍រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
18. ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
19. តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង
20. ឯងនឹងមិនបានមូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះឯងបានបំផ្លាញស្រុករបស់ឯង ហើយបានសំឡាប់ប្រជាជនរបស់ឯងផង ឯពូជនៃមនុស្សអាក្រក់ នឹងឥតមានអ្នកណាចេញឈ្មោះគេនៅអស់កល្បជានិច្ច។