16. ក្រែងមានអ្នកកំផិត ឬមនុស្សទមិលណា ដូចជាអេសាវ ដែលលក់ច្បាប់បងច្បងរបស់ខ្លួន សង្វាតឲ្យបានតែម្ហូប១មុខប៉ុណ្ណោះដែរ
17. ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ ដ្បិតទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ។
18. អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បាន ហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្ដីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ
19. ឬសូរផ្លុំត្រែ ឬព្រះសៀងនៃព្រះ ដែលមានព្រះបន្ទូលមក ជាសូរសៀង ដែលពួកអ្នកឮ ក៏អង្វរកុំឲ្យព្រះបន្ទូលបានមកដល់ខ្លួនទៀតឡើយ
20. ដ្បិតគេទ្រាំនឹងសេចក្ដីដែលបង្គាប់មកមិនបាន គឺជាសេចក្ដីថា «សូម្បីសត្វណាដែលពាល់ភ្នំ នោះនឹងត្រូវចោលនឹងថ្ម ឬបាញ់ទំលុះដោយព្រួញ»
21. ហើយការដែលគេឃើញនោះ ក៏គួរស្ញែងខ្លាចណាស់ ដល់ម៉្លេះបានជាម៉ូសេ លោកមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង»
22. គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញ ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌ ហើយដល់ពួកទេវតាទាំងសល់សែន
23. ដល់ទីប្រជុំរបស់មនុស្សទាំងឡាយ និងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ ដល់ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់ ដល់អស់ទាំងវិញ្ញាណនៃពួកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយ
24. ដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី ហើយដល់ព្រះលោហិត ដែលសំរាប់នឹងប្រោះ ជាព្រះលោហិត ដែលសំដែងពីសេចក្ដីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង។
25. ចូរប្រយ័ត្ន កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គ ដែលទ្រង់មានព្រះបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានព្រះបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ
26. សំឡេងទ្រង់បានធ្វើឲ្យផែនដីកក្រើករញ្ជួយនៅវេលានោះ តែឥឡូវនេះ ទ្រង់សន្យាថា «អញនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង»