13. ឯបបូរមាត់សុចរិត នោះជាទីគាប់ដល់ព្រះទ័យនៃស្តេចណាស់ ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវ។
14. សេចក្តីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបំរើនៃសេចក្តីស្លាប់ មនុស្សមានប្រាជ្ញានឹងខំរំងាប់សេចក្តីក្រោធនោះទៅ។
15. កាលណាស្តេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណទ្រង់ក៏ដូចជាពពកនៅចុងរដូវភ្លៀង។
16. ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអំបាលម៉ានទៅ អើ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
17. ផ្លូវរបស់មនុស្សទៀងត្រង់ នោះគឺជាការចៀសវាងពីអំពើអាក្រក់ អ្នកណាដែលរក្សាទុកនូវផ្លូវប្រព្រឹត្តរបស់ខ្លួននោះឈ្មោះថាការពារព្រលឹងខ្លួន។
18. សេចក្តីឆ្មើងឆ្មៃនាំមុខសេចក្តីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។
19. ការដែលមានចិត្តសុភាព ជាមួយនឹងពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹបជាមួយនឹងមនុស្សអួតអាង។
20. អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្តីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
21. ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត ហើយសេចក្តីផ្អែមល្ហែមនៃបបូរមាត់ក៏ចំរើនចំណេះកាន់តែច្រើនឡើង។
22. អ្នកណាដែលមានយោបល់ហើយ យោបល់នោះឯងជារន្ធទឹកនៃជីវិតដល់អ្នកនោះ ហើយការវាយផ្ចាលរបស់មនុស្សល្ងីល្ងើ គឺជាសេចក្តីចំកួតរបស់ខ្លួនគេ។
23. ចិត្តរបស់មនុស្សដែលមានប្រាជ្ញា នោះបង្រៀនមាត់របស់ខ្លួន ហើយក៏បង្កើនឲ្យបបូរមាត់មានចំណេះកាន់តែច្រើនឡើងផង។