1. នេះជាសុភាសិតរបស់សាឡូម៉ូន។កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
2. ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្តីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។
3. ព្រះយេហូវ៉ាទ្រង់មិនព្រមឲ្យព្រលឹងនៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែទ្រង់ច្រានសេចក្តីលោភរបស់មនុស្សអាក្រក់ចេញ។
4. អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។
5. ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុកនៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចំរូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្តីខ្មាស។
6. អំណោយពរ រមែងស្ថិតលើក្បាលនៃមនុស្សសុចរិត តែសេចក្តីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់វិញ។
7. សេចក្តីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ។
8. អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។
9. អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
10. អ្នកណាដែលមិចភ្នែក នោះរមែងនាំឲ្យកើតទុក្ខ ហើយមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះក៏នឹងត្រូវដួលចុះ។
11. មាត់នៃមនុស្សសុចរិត ជាអណ្តូងជីវិត តែសេចក្តីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់។
12. ឯសេចក្តីសំអប់ នោះបណ្តាលឲ្យកើតមានហេតុទាស់ទែងគ្នា តែសេចក្តីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។