11. បើគេថាចូរមកជាមួយនឹងយើងចុះ យើងនឹងរង់ចាំឱកាសកំចាយឈាម យើងនឹងអែបលបដោយសំងាត់ ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ
12. យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
13. យើងនឹងបានប្រទះរបស់មានដំឡៃគ្រប់យ៉ាង ក៏នឹងបំពេញលំនៅយើងដោយរបឹប
14. ចូរឯងចូលមកក្នុងពួកយើងចុះ យើងនឹងមានថង់ប្រាក់តែ១ប៉ុណ្ណោះ
15. កូនអើយ កុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេវិញ
16. ដ្បិតជើងគេរត់តាមតែសេចក្តីអាក្រក់ទេ គេក៏រហ័សនឹងកំចាយឈាមផង
17. ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ ឲ្យវាឃើញនោះឥតប្រយោជន៍ទេ
18. ឯពួកនោះ គេរង់ចាំតែនឹងកំចាយឈាមរបស់ខ្លួនគេ ហើយក៏អែបលបដោយសំងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ
19. ចំណែកអស់អ្នកដែលលោភចង់បានកំរៃក៏យ៉ាងនោះដែរ សេចក្តីនោះនឹងដកយកជីវិតចេញពីអស់អ្នកដែលបណ្តោយតាមផង។
20. ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា
21. ប្រាជ្ញាស្រែកប្រកាសនៅទីផ្លូវប្រសព្វទ្រហឹងអឺងកង និងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង នោះក៏បញ្ចេញពាក្យថា
22. ឱមនុស្សឆោតល្ងង់អើយ តើនឹងស្រឡាញ់សេចក្តីឆោតល្ងង់នោះដល់កាលណាទៀត ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្តីឡកឡឺយ ហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណា
23. កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្តាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា ហើយឲ្យឯងរាល់គ្នាបានយល់ពាក្យអញ
24. ពីព្រោះអញបានស្រែកហៅ តែឯងរាល់គ្នាមិនព្រមស្តាប់ទេ អញបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ
25. ឯងរាល់គ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញ ហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរ
26. ដូច្នេះ អញនឹងសើចដែរ ក្នុងថ្ងៃដែលឯងរាល់គ្នាត្រូវអន្តរាយ អញនឹងចំអកឲ្យ ក្នុងកាលដែលឯងរាល់គ្នាកើតមានសេចក្តីភិតភ័យផង