16. ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយមនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ
17. ហេតុនោះយើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ។
18. យើងបានស្អប់បណ្តាការនឿយហត់ទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃ ដោយយល់ឃើញថាយើងត្រូវទុកទាំងអស់ ឲ្យដល់មនុស្សដែលបន្តក្រោយយើង
19. ហើយតើមានអ្នកណាដឹងពីអ្នកនោះ ថានឹងត្រឡប់ជាមនុស្សមានប្រាជ្ញា ឬជាមនុស្សល្ងីល្ងើវិញ ប៉ុន្តែអ្នកនោះនឹងគ្រប់គ្រងលើអស់ទាំងការដែលយើងបានខំធ្វើ ជាការដែលបានធ្វើ ដើម្បីសំដែងខ្លួនជាអ្នកមានប្រាជ្ញានៅក្រោមថ្ងៃ នេះក៏ឥតមានទំនងដែរ
20. ដោយហេតុនោះយើងបានវិលមកបណ្តាលឲ្យចិត្តលែងសង្ឃឹមចំពោះការទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃទៅ
21. ដ្បិតមានមនុស្សដែលការខ្លួនធ្វើទាំងប៉ុន្មាន សុទ្ធតែធ្វើដោយប្រាជ្ញា ដោយដំរិះ ហើយដោយស្ទាត់ជំនាញ តែអ្នកនោះត្រូវប្រគល់ការខ្លួន ទុកជាចំណែកដល់ម្នាក់ទៀត ដែលមិនបានខំធ្វើឡើយនោះវិញ នេះជាការឥតមានទំនង ហើយក៏អាក្រក់ណាស់ផង
22. ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ និងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ
23. ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្ដីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ អើ ទោះទាំងពេលយប់ ចិត្តអ្នកនោះក៏មិនសំរាកដែរ នេះជាការឥតមានទំនងដែរ។
24. គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ី ហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង យើងក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ
25. ដ្បិតតើមានអ្នកណាអាចនឹងបរិភោគ ឬនឹងមានសេចក្ដីអំណរជាជាងយើងនេះ
26. ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ និងសេចក្ដីរីករាយផង តែឯមនុស្សបាបវិញ ទ្រង់ប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកសំរាប់ប្រគល់ដល់អ្នកដែលគាប់ព្រះហឫទ័យនៃព្រះវិញ នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេដែរ។