13. គឺអ្នកនោះឯងនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អនៃទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំង២នាក់នឹងមានសេចក្ដីមេត្រីនឹងគ្នា
14. ឯមកុដនោះនឹងបានសំរាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសំរាប់ហិន ជាកូនសេផានា ទុកជាទីរំឭក នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
15. ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាឡើងដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់ឲ្យអញមកឯឯង ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។