10. នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ
11. ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចកែវចរណៃ
12. ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២
13. នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ
14. កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះ ជាឈ្មោះពួកសាវករបស់ពួកកូនចៀមទាំង១២នាក់។
15. ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង និងទ្វារ ហើយកំផែងក្រុងដែរ
16. ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់
17. ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ
18. កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ
19. ជើងកំផែងបានតាក់តែង ដោយត្បូងមានដំឡៃគ្រប់យ៉ាង ជើងទី១មានត្បូងមណីជោតិ ទី២មានត្បូងកណ្តៀង ទី៣មានត្បូងមោរ៉ា ទី៤មានត្បូងមរកត
20. ទី៥មានត្បូងសាមស៊ី ទី៦មានត្បូងពិទាយ ទី៧មានត្បូងប៊ុតលឿង ទី៨មានត្បូងបេរីល ទី៩មានត្បូងទោប៉ាត់ ទី១០មានត្បូងយក់ ទី១១មានត្បូងនិល ទី១២មានត្បូងត្របែក
21. ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវ។
22. ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ
23. ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ