3. នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ
4. តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា
5. ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ
6. ឯយ៉ូសែប គាត់ជាចៅហ្វាយលើស្រុកនោះ គឺគាត់ហើយ ដែលជាអ្នកលក់ស្រូវឲ្យដល់បណ្តាមនុស្សនៅផែនដី ពួកបងគាត់ក៏ចូលទៅក្រាបផ្កាប់មុខដល់ដីចំពោះគាត់
7. កាលយ៉ូសែបឃើញពួកបង នោះក៏ស្គាល់គេ តែគាត់ធ្វើដូចជាអ្នកដទៃនឹងគេវិញ ហើយនិយាយដោយតឹងរ៉ឹងថា មកពីណា គេឆ្លើយថា យើងខ្ញុំមកពីស្រុកកាណានដើម្បីនឹងទិញស្បៀងអាហារ
8. យ៉ូសែបស្គាល់ពួកបងជាក់ តែគេមិនស្គាល់គាត់ទេ
9. គាត់ក៏នឹកឃើញពីសប្តិដែលបានយល់សប្តិពីដំណើរគេ រួចនិយាយទៅគេថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ ឯងបានមកដើម្បីនឹងមើលស្រុកនេះ ដែលនៅទទេជាយ៉ាងណាហើយ
10. តែគេឆ្លើយថា ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទបានគ្រាន់តែមកទិញស្បៀងអាហារប៉ុណ្ណោះទេ
11. យើងខ្ញុំរាល់គ្នាមានឪពុកតែ១ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ពិត មិនមែនជាពួកលបសង្កេតទេ
12. តែគាត់តបទៅគេថា ទេ ពិតជាឯងរាល់គ្នាបានមក ដើម្បីមើលស្រុកដែលនៅទទេជាយ៉ាងណាហើយ