លោកុប្បត្តិ 4:16-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. នោះ​កាអ៊ីន​ក៏​ចេញ​ពី​ចំពោះព្រះ‌យេហូវ៉ា ទៅ​នៅ​ឯ​ស្រុក​ណូឌ ខាង​កើត​អេដែន​ទៅ។

17. ហើយ​កាអ៊ីន​បាន​ស្គាល់​ប្រពន្ធ​គាត់ នោះ​នាង​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​អេណុក គាត់​ក៏​សង់​ទី​ក្រុង​១ ហើយ​ដាក់​ឈ្មោះ​ទី​ក្រុង​នោះ​តាម​ឈ្មោះ​អេណុក​កូន​ខ្លួន

18. អេណុក​បង្កើត​បាន​អ៊ីរ៉ាឌៗ​បង្កើត​មហ៊ូ‌យ៉ែលៗ​បង្កើត​មទូសែល ហើយ​មទូសែល​បង្កើត​ឡាមេក

19. ឯ​ឡាមេក​គាត់​យក​ប្រពន្ធ​២​មួយ​ឈ្មោះ​អ័ដា មួយ​ទៀត​ឈ្មោះ​ស៊ីឡា

20. នាង​អ័ដា​បង្កើត​បាន​យ៉ាបាល​ដែល​ជា​ឪពុក​នៃ​អស់​ពួក​អ្នក​នៅ​ក្នុង​ត្រសាល ហើយ​មាន​ហ្វូង​សត្វ

21. ប្អូន​គាត់​ឈ្មោះ​យូបាល ជា​ឪពុក​នៃ​ពួក​អ្នក​លេង​ស៊ុង និង​ខ្លុយ

22. ឯ​នាង​ស៊ីឡា​ក៏​បង្កើត​បាន​ទូបាល-កាអ៊ីន ជា​មេ​បង្រៀន​ពួក​ជាង​លង្ហិន និង​ជាង​ដែក ប្អូន​ស្រី​ទូបាល-កាអ៊ីន គឺ​នាង​ន៉ាអាម៉ា។

23. ឯ​ឡាមេក គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា ម្នាល​អ័ដាម និង​ស៊ីឡា​អើយ ចូល​ស្តាប់​ពាក្យ​អញ​ចុះ ឱ​ប្រពន្ធ​ឡាមេក​រាល់​គ្នា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​អញ​ចុះ ដ្បិត​អញ​បាន​សំឡាប់​មនុស្ស​ម្នាក់ ពី​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អញ​មាន​របួស គឺ​ជា​មនុស្ស​កំឡោះ​ម្នាក់ ដោយ​ហេតុ​វា​បាន​វាយ​អញ​ឲ្យ​ជាំ

24. បើ‌សិន​ជា​ត្រូវ​សង‌សឹក​ជួស​កាអ៊ីន​១​ជា​៧​ដង នោះ​ក៏​ត្រូវ​សង‌សឹក​ជួស​ឡាមេក​១​ជា​៧៧​ដង​វិញ។

លោកុប្បត្តិ 4