6. ពួកអ្នកបំរើក៏ត្រឡប់មកឯយ៉ាកុបវិញជំរាបថា យើងខ្ញុំបានទៅដល់អេសាវជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំមនុស្ស៤០០នាក់មកជាមួយផង
7. នោះយ៉ាកុបគាត់ភ័យខ្លាចជាខ្លាំង ហើយមានសេចក្ដីថប់ព្រួយក្នុងទ្រូង ក៏ចែកពួកគាត់ ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអូដ្ឋជា២ពួក
8. ដោយគិតថា បើអេសាវមកវាយពួក១ នោះពួក១ទៀតនឹងរត់រួចបាន
9. យ៉ាកុបក៏ទូលថា ឱព្រះនៃអ័ប្រាហាំជីតាទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុកទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំថា ចូរវិលទៅឯញាតិសន្តានឯងនៅស្រុកឯងវិញទៅ នោះអញនឹងប្រោសសេចក្ដីល្អដល់ឯង
10. ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្ដីសប្បុរស និងអស់ទាំងសេចក្ដីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះ មានតែដំបង១ប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំបានកើតជា២ពួកហើយ
11. សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយពួកទូលបង្គំនេះ ទាំងម្តាយ ទាំងកូនផង
12. ទ្រង់បានមានព្រះបន្ទូលថា អញនឹងប្រោសសេចក្ដីល្អដល់ឯងជាពិតប្រាកដ ហើយនឹងធ្វើឲ្យពូជឯងបានគ្នាច្រើន ដូចជាខ្សាច់នៅសមុទ្រដែលប្រមាណមិនបាន។
13. យប់នោះ គាត់សំណាក់នៅទីនោះ រួចក៏យករបស់ទ្រព្យគាត់ខ្លះទុកជាជំនូនសំរាប់ជូនដល់អេសាវជាបង
14. គឺពពែញី២០០ ពពែឈ្មោល២០ ចៀមញី២០០ ចៀមឈ្មោល២០
15. អូដ្ឋញីដែលបំបៅកូន៣០ ព្រមទាំងកូនផង គោញី៤០ គោឈ្មោល១០ លាញី២០ និងកូនលា១០
16. គាត់ប្រគល់សត្វទាំងនោះ ទៅក្នុងដៃនៃពួកបំរើគាត់ដោយហ្វូងៗ ហើយប្រាប់ពួកបាវនោះថា ចូរឆ្លងទៅមុនអញ ដើរឲ្យដាច់ពីគ្នាដោយពួកៗ