1. ឯយ៉ាកុបគាត់ក៏ធ្វើដំណើរតទៅ ហើយមានពួកទេវតារបស់ព្រះមកជួបនឹងគាត់
2. កាលឃើញហើយនោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម។
3. យ៉ាកុបចាត់អ្នកបំរើទៅមុន ឲ្យទៅឯអេសាវជាបងនៅវាលអេដំមក្នុងស្រុកសៀរ
4. ដោយបង្គាប់ថា ចូរឯងរាល់គ្នាជំរាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបំរើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ
5. ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី ខ្ញុំបានចាត់គេមកជំរាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណលោក
6. ពួកអ្នកបំរើក៏ត្រឡប់មកឯយ៉ាកុបវិញជំរាបថា យើងខ្ញុំបានទៅដល់អេសាវជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំមនុស្ស៤០០នាក់មកជាមួយផង