15. កាលគាត់កំពុងតែអធិស្ឋានមិនទាន់ផុតនៅឡើយ នោះស្រាប់តែរេបិកាកណ្តៀតក្អមចេញមក នាងនោះជាកូនបេធូអែល ដែលជាកូនមីលកា ប្រពន្ធណាឃរ ជាប្អូនអ័ប្រាហាំ
16. នាងមានរូបស្រស់បស់ល្អណាស់ ក៏នៅក្រមុំសុទ្ធ គ្មានប្រុសណាបានស្គាល់នាងឡើយ នាងចុះទៅក្នុងអណ្តូងដងទឹកពេញក្អម រួចឡើងមកវិញ
17. បាវនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា នាង សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិចសិន
18. រួចនាងឆ្លើយថា ចាស៎អញ្ជើញពិសាចុះ លោកម្ចាស់ ហើយនាងក៏ដាក់ក្អមចុះមកជាប្រញាប់ឲ្យគាត់ផឹក
19. កាលនាងបានឲ្យគាត់ផឹករួចហើយ នោះនាងនិយាយថា ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ
20. នោះនាងក៏ចាក់ទឹកពីក្នុងក្អមចុះទៅក្នុងស្នូកជា១រំពេច រួចរត់ទៅដងថែមទៀតយកមកឲ្យអូដ្ឋគាត់ផឹកទាំងអស់
21. បាវនោះសំឡឹងមើលនាងទាំងមានសេចក្ដីអស្ចារ្យ តែគាត់នៅស្ងៀម ដោយចង់ដឹង បើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើរគាត់ដើរមកនោះបានសំរេចការឬទេ
22. កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ នោះគាត់ក៏យកក្រវិលមាសទំងន់១ជី និងកងដៃ២ដុំ ទំងន់២០ជីឲ្យដល់នាង
23. ហើយសួរថា នាងជាកូនអ្នកណា សូមប្រាប់ខ្ញុំផង ហើយនៅផ្ទះឪពុកនាង តើមានកន្លែងណាល្មមឲ្យខ្ញុំស្នាក់នៅបានឬទេ
24. នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល គឺជាចៅណាឃរ និងមីលកា
25. រួចនាងឆ្លើយទៅគាត់ទៀតថា នៅផ្ទះខ្ញុំមានចំបើង និងស្មៅជាបរិបូរ ហើយកន្លែងសំរាប់ស្នាក់នៅក៏មានដែរ
26. បាវនោះក៏ឱនខ្លួនថ្វាយបង្គំដល់ព្រះយេហូវ៉ា
27. ដោយទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំ ដែលទ្រង់មិនបានខាននឹងផ្តល់សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំបានប្រកបដោយព្រះពរ ឯទូលបង្គំសោត ក៏ព្រះយេហូវ៉ាទ្រង់នាំផ្លូវមកដល់ផ្ទះពួកបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ
28. នាងក៏រត់ទៅប្រាប់ដំណើរនោះដល់ពួកផ្ទះម្តាយខ្លួន។