លេវីវិន័យ 26:37-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. គេ​នឹង​ជំពប់​ដួល​ប្រគរ​គ្នា ដូច​ជា​ស្លាប់​ដោយ​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​ផង ហើយ​ឯង​រាល់​គ្នា​នឹង​គ្មាន​កំឡាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​ឯង​សោះ

38. ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ នៅ​អស់​ទាំង​នគរ ហើយ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ឯង​ទៅ

39. ឯ​ពួក​ឯង​រាល់​គ្នា ដែល​សល់​នៅ នោះ​នឹង​ស្រងេះ‌ស្រងោច នៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​នា​ស្រុក​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​នឹង​ស្រងេះ‌ស្រងោច​ទៅ ដោយ​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​ដែរ។

40. នោះ​គេ​នឹង​លន់‌តួ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​គេ​ដែរ គឺ​ជា​ការ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​អញ ដោយ​ព្រោះ​ការ​ដែល​គេ​បាន​ដើរ​ទាស់​ទទឹង​នឹង​អញ​ផង

41. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​អញ​ដើរ​ទាស់​ទទឹង​នឹង​គេ​ដែរ ហើយ​បាន​នាំ​គេ​ទៅ​នៅ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ ដូច្នេះ បើ​ចិត្ត​ដែល​មិន​ទាន់​កាត់​ស្បែក​របស់​គេ បាន​ទទួល​ចាល‌ចាញ់ ហើយ​គេ​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​គេ

42. នោះ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​យ៉ាកុប និង​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​អ៊ីសាក ហើយ​នឹង​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​អ័ប្រា‌ហាំ អញ​ក៏​នឹង​នឹក​ចាំ​ពី​ស្រុក​នោះ​ដែរ

43. ឯ​ស្រុក​នោះ​នឹង​ត្រូវ​គេ​ចោល​ទទេ ហើយ​នឹង​បាន​អរ​ចំពោះ​ឆ្នាំ​ឈប់​សំរាក កំពុង​ដែល​នៅ​ស្ងាត់ ឥត​មាន​គេ​នៅៗ​ឡើយ ហើយ​គេ​នឹង​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន គឺ​ពី​ព្រោះ​គេ​បាន​មើល‌ងាយ​ដល់​សេចក្ដី​បញ្ញត្ត​របស់​អញ ហើយ​ចិត្ត​គេ​បាន​ខ្ពើម​ដល់​អស់​ទាំង​ច្បាប់​អញ​ដែរ

44. ប៉ុន្តែ ទោះ​បើ​ការ​នោះ​យ៉ាង​ដូច្នោះ​ក៏​ដោយ គង់​តែ​អញ​មិន​បោះ​បង់​ចោល​គេ ក្នុង​កាល​ដែល​គេ​នៅ​ស្រុក​របស់​ខ្មាំង​សត្រូវ​នោះ​ឡើយ ក៏​មិន​ខ្ពើម​គេ​ដល់​ទៅ​បំផ្លាញ​ចេញ​អស់​រលីង ឬ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​គេ

លេវីវិន័យ 26