លេវីវិន័យ 26:20-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។

21. បើ​ឯង​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​អញ​នឹង​នាំ​ឲ្យ​ឯង​មាន​សេចក្ដី​វេទនា​៧​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​ឯង

22. អញ​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្តាល​ពួក​ឯង សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​ឯង​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​ឯង​ផង និង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​ឯង​ទៅ​ជា​សូន្យ​ស្ងាត់។

23. បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ

24. នោះ​អញ​នឹង​ដើរ​ទាស់​នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង

25. អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្ដី​សង‌សឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

26. កាល​ណា​អញ​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​ឯង​រាល់​គ្នា​ចេញ នោះ​ស្ត្រី​១០​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​ឯង​នៅ​ក្នុង​ឡ​តែ​១ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​ឯង​បរិភោគ ឯង​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ។

27. បើ​យ៉ាង​ដូច្នេះ​ហើយ ឯង​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​អញ គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​អញ​ត​ទៅ​ទៀត

28. នោះ​អញ​នឹង​ដើរ​ទាស់​ទទឹង​នឹង​ឯង​រាល់​គ្នា ដោយ​សេចក្ដី​ក្រោធ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង

29. ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង

30. អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​នឹង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា

31. អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ

32. អញ​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្ដី​ងឿង‌ឆ្ងល់

33. ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។

34. ស្រុក​នោះ​នឹង​បាន​សំរាក ក្នុង​រវាង​ប៉ុន្មាន ដែល​កំពុង​នៅ​ស្ងាត់‌ឈឹង ហើយ​ឯង​រាល់​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​ឯង​ដូច្នេះ គឺ​ស្រុក​ឯង​នឹង​បាន​ត្រេក‌អរ​ឡើង​ដោយ​មាន​ពេល​ឈប់​សំរាក​វិញ

35. ក្នុង​ប៉ុន្មាន​ឆ្នាំ​ដែល​ស្រុក​នៅ​ស្ងាត់​ឈឹង នោះ​នឹង​បាន​សំរាក​ទៅ គឺ​នឹង​បំពេញ​ការ​សំរាក ដែល​ខាន​មាន​ពី​កាល​គួរ​ឈប់​សំរាក ក្នុង​គ្រា​ដែល​ឯង​រាល់​គ្នា​នៅ​ស្រុក​នោះ​នៅ​ឡើយ

36. ឯ​ពួក​ឯង​ដែល​សល់​នៅ នោះ​អញ​នឹង​បណ្តាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ​ផង ក៏​នឹង​ដួល ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ឡើយ

37. គេ​នឹង​ជំពប់​ដួល​ប្រគរ​គ្នា ដូច​ជា​ស្លាប់​ដោយ​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​ផង ហើយ​ឯង​រាល់​គ្នា​នឹង​គ្មាន​កំឡាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​ឯង​សោះ

38. ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ នៅ​អស់​ទាំង​នគរ ហើយ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​ឯង​ទៅ

លេវីវិន័យ 26