លេវីវិន័យ 25:10-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ឆ្នាំ​ទី​៥០​នោះ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លែង​បាវ​បំរើ ដល់​មនុស្ស​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក​ផង ឆ្នាំ​នោះ​ជា​ឆ្នាំ​សោមនស្ស ដល់​ឯង​រាល់​គ្នា​ដែល​ឯង​នឹង​ត្រឡប់​ទៅ នៅ​ឯ​ដី​របស់​ឯង​រាល់​គ្នា​រៀប​ខ្លួន​បាន ហើយ​នឹង​ត្រឡប់​ទៅ​នៅ​នឹង​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ

11. ឆ្នាំ​ទី​៥០​នោះ​នឹង​បាន​ជា​ឆ្នាំ​សោមនស្ស​ដល់​ឯង​រាល់​គ្នា ក្នុង​ឆ្នាំ​នោះ មិន​ត្រូវ​ឲ្យ​ឯង​សាប‌ព្រោះ ឬ​ច្រូត​កាត់​មួរ​ស្រូវ​ដែល​ដុះ​ឯង ឬ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ឡើយ

12. ដ្បិត​នោះ​គឺ​ជា​ឆ្នាំ​សោមនស្ស​ហើយ ត្រូវ​រាប់​ជា​ឆ្នាំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​នឹង​បរិភោគ​ផល​ចំរើន​អំពី​ស្រែ​ចំការ។

13. នៅ​ឆ្នាំ​សោមនស្ស ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​នៅ​ឯ​ដី​របស់​ឯង​រៀង​ខ្លួន

14. បើ​កាល​ណា​ឯង​លក់​របស់​អ្វី​ឲ្យ​អ្នក​ជិត​ខាង​ឯង ឬ​ទិញ​អ្វី​ពី​អ្នក​ជិត​ខាង​ឯង​មក​ឯង នោះ​មិន​ត្រូវ​បំបាត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ

15. ត្រូវ​ឲ្យ​ទិញ​ពី​អ្នក​ជិត​ខាង​ឯង រាប់​តាម​ចំនួន​ឆ្នាំ ក្រោយ​ឆ្នាំ​សោមនស្ស​នោះ ហើយ​គេ​នឹង​លក់​ឲ្យ​ឯង ដោយ​រាប់​តាម​ចំនួន​រដូវ​ចំរូត​ដែរ

16. បើ​នៅ​មាន​ច្រើន​ឆ្នាំ​ទៅ​ទៀត នោះ​ឯង​ត្រូវ​បង្កើន​ថ្លៃ​ឡើង តែ​បើ​នៅ​សល់​តិច​ឆ្នាំ​វិញ នោះ​ត្រូវ​បន្ថយ​ថ្លៃ​ចុះ​តាម​ចំនួន​ឆ្នាំ​តិច​ច្រើន​ទាំង​នោះ គឺ​ជា​ចំនួន​ចំរូត​ទេ​ដែល​គេ​លក់​ឲ្យ​ឯង

17. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំបាត់​គ្នា​ឡើយ ត្រូវ​តែ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

18. ដូច្នេះ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់​អញ ហើយ​រក្សា​សេចក្ដី​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក​ដោយ​សុខ‌សាន្ត

19. ហើយ​ស្រុក​នឹង​បង្កើត​ផល​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិភោគ​ឆ្អែត ឯង​រាល់​គ្នា​នឹង​បាន​នៅ​ដោយ​សុខ‌សាន្ត

20. បើ​ឯង​រាល់​គ្នា​សួរ​ថា មើល ក្នុង​ឆ្នាំ​ទី​៧​នេះ យើង​មិន​សាប‌ព្រោះ ឬ​ប្រមូល​ផល​អ្វី​របស់​យើង​សោះ ដូច្នេះ តើ​យើង​រាល់​គ្នា​នឹង​បាន​អ្វី​បរិភោគ

21. នោះ​គឺ​អញ​នឹង​ផ្តល់​ពរ​របស់​អញ​ដល់​ឯង​រាល់​គ្នា​នៅ​ឆ្នាំ​ទី​៦ នៅ​ឆ្នាំ​នោះ​នឹង​បង្កើត​ផល​ឲ្យ​ល្មម​គ្រប់​៣​ឆ្នាំ​វិញ

22. រួច​ដល់​ឆ្នាំ​ទី​៨ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ​ទៅ​ចុះ តែ​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ឆ្នាំ​ទី​៩ ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​ផល​ចាស់​នោះ​រហូត​ដល់​បាន​ច្រូត​ផល​ថ្មី​ហើយ។

23. មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​ផង​អញ ឯង​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​គ្រាន់​តែ​សំណាក់​នៅ ជា​មួយ​នឹង​អញ​ប៉ុណ្ណោះ​ទេ

24. ហើយ​នៅ​ក្នុង​ស្រុក ដែល​ជា​កេរ‌អាករ​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន​នោះ ត្រូវ​បើក​ច្បាប់​ឲ្យ​លោះ​ដី​មក​វិញ​បាន

25. បើ​សិន​ជា​បង ឬ​ប្អូន​ឯង​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រីក្រ ហើយ​លក់​ដី​ខ្លះ នោះ​សាច់​សន្តាន​ដែល​ជិត​បំផុត ត្រូវ​មក​លោះ​យក​ដី​ដែល​បាន​លក់​ឲ្យ​គេ​ហើយ​នោះ​វិញ

26. បើ​គ្មាន​អ្នក​ណា​នឹង​មក​លោះ​ទេ តែ​អ្នក​នោះ​ទៅ​ជា​មាន​ឡើង​វិញ ហើយ​មាន​ល្មម​នឹង​លោះ​យក​បាន

27. នោះ​ត្រូវ​រាប់​ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ដែល​លក់​ដី​នោះ​មក ហើយ​ត្រូវ​បង្វិល​ប្រាក់​ដែល​សល់​នៅ​ប្រគល់​ដល់​អ្នក​ដែល​ទិញ រួច​ម្ចាស់​ដី​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​វិញ

28. បើ​អ្នក​នោះ​គ្មាន​អ្វី​ល្មម​នឹង​លោះ​យក​បាន​ទេ នោះ​ដី​ដែល​បាន​លក់​ទៅ នឹង​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​បាន​ទិញ ដរាប​ដល់​ឆ្នាំ​សោមនស្ស លុះ​ដល់​ឆ្នាំ​សោមនស្ស​ហើយ ដី​នោះ​ត្រូវ​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ រួច​គាត់​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​បាន។

លេវីវិន័យ 25