លូកា 7:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. កាល​ព្រះ‌យេស៊ូវ​បាន​ឮ​សេចក្ដី​ទាំង​នោះ ទ្រង់​ក៏​មាន​សេចក្ដី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់ រួច​ទ្រង់​បែរ​ទៅ មាន​ព្រះ‌បន្ទូល​នឹង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ណា​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​បើ​នៅ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ

10. ឯ​ពួក​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​បាវ​ដែល​ឈឺ​នោះ​បាន​ជា​ហើយ។

11. ដល់​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ទៅ​ឯ​ក្រុង​១​ហៅ​ថា ណា‌អ៊ីន មាន​ទាំង​ពួក​សិស្ស និង​មនុស្ស​សន្ធឹក​ទៅ​ដែរ

12. កាល​ចូល​ទៅ​ជិត​ដល់​ទ្វារ​កំផែង​ក្រុង នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច​កូន​តែ​១ ដែល​ម្តាយ​នៅ​មេម៉ាយ ហើយ​មាន​មនុស្ស​ក្រុង​នោះ​ជា​ច្រើន​ហែ​មក​ជា​មួយ​នឹង​គាត់

13. កាល​ព្រះ‌អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត‌អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ថា កុំ​យំ​អី

14. រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង

15. អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ

16. មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ

17. ពាក្យ​គេ​ថ្លែង​ពី​ទ្រង់​នេះ បាន​ឮ​សុស‌សាយ​ពេញ​ទួទៅ​ក្នុង​ស្រុក​យូដា និង​ស្រុក​នៅ​ជុំ‌វិញ​ទាំង​អស់។

លូកា 7