លូកា 3:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. បើ​ដូច្នេះ ចូរ​បង្កើត​ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ចុះ កុំ​ឲ្យ​ចាប់​តាំង​នឹក​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​អយ្យកោ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ

9. ប៉ុន្តែ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មាន​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ

10. បណ្តា​មនុស្ស​ក៏​សួរ​គាត់​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច​វិញ

11. គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ

12. មាន​ពួក​អ្នក​យក​ពន្ធ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដែរ គេ​ក៏​សួរ​គាត់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច

13. គាត់​ឆ្លើយ​ថា កុំ​ឲ្យ​ទារ​ពន្ធ​ហួស​កំរិត​ដែល​បាន​កំណត់​មក​ឡើយ

14. ក៏​មាន​ពួក​ទាហាន​សួរ​គាត់​ដែរ​ថា ឯ​យើង​ខ្ញុំ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច គាត់​ឆ្លើយ​ថា កុំ​ឲ្យ​សង្កត់‌សង្កិន ឬ​ចោទ​បង្កាច់​អ្នក​ឯ​ណា​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។

15. កាល​បណ្តា​មនុស្ស​នៅ​តែ​ចាំ​មើល ដោយ​រិះ‌គិត​ក្នុង​ចិត្ត​ពី​ដំណើរ​យ៉ូហាន ដែល​គាត់​ជា​ព្រះ‌គ្រីស្ទ​ឬ​មិន​មែន

16. នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​ក៏​ពិត ប៉ុន្តែ មាន​ព្រះ​១​អង្គ​មក ដែល​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​វិញ

17. ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​ទ្រង់ តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន

18. នោះ​គាត់​ក៏​ប្រាប់​ដំណឹង​ល្អ​ដល់​បណ្តា​មនុស្ស ព្រម​ទាំង​ទូន្មាន​សេចក្ដី​ជា​ច្រើន​ទៀត​ដែរ

19. ប៉ុន្តែ កាល​គាត់​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ពី​រឿង​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​អនុជ​ទ្រង់ ហើយ​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ

20. នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​ទៀត គឺ​បាន​ចាប់​គាត់​ដាក់​គុក។

21. លុះ​កាល​បណ្តា‌ជន​ទាំង​ប៉ុន្មាន បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ព្រះ‌យេស៊ូវ​ក៏​ទទួល​ដែរ រួច​កំពុង​ដែល​ទ្រង់​អធិស្ឋាន នោះ​ស្រាប់​តែ​មេឃ​របើក​ឡើង

22. ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។

លូកា 3